
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃអង្គារ (ទី១២ ខែកញ្ញា) នេះ ថា ការកាត់ទោសលើអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានហេតុផលខាងនយោបាយ ហើយបង្ហាញថា ប្រព័ន្ធនយោបាយរបស់សហរដ្ឋអាមេរិក កំពុង «បែកបាក់»។
អំឡុងពេលធ្វើការអត្ថាធិប្បាយ នៅឯវេទិកា នាទីក្រុងវ្ល៉ាឌីវ៉ូស្តុក (Vladivostok) ដែលមានទីតាំងនៅចុងបូព៌ារបស់ប្រទេសរុស្ស៊ី លោក ពូទីន ក៏បានលើកឡើងផងដែរថា ការផ្លាស់ប្តូរសំខាន់ៗ នៅក្នុងទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ទំនងជាមិនយកចិត្តទុកដាក់ថា តើអ្នកណាក្លាយជាប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិកនោះទេ។
ក្នុងចំណោមបញ្ហាផ្សេងៗទៀត លោក ត្រាំ ដែលជាបេក្ខជននាំមុខគេ សម្រាប់ការតែងតាំងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ឆ្នាំ២០២៤ កំពុងប្រឈមនឹងសំណុំរឿងព្រហ្មទណ្ឌជាបន្តបន្ទាប់ ដែលរូបលោកត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងកែប្រែលទ្ធផលការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២០0 ដែលរូបលោករងបរាជ័យដោយសារលោក ចូ បៃដិន។
ពាក់ព័ន្ធនឹងករណីរបស់លោក ត្រាំ នេះ លោកពូទីន បានលើកឡើងថា អ្វីដែលកំពុងកើតឡើង នាពេលនេះនៅសហរដ្ឋអាមេរិក បានបង្ហាញពី «ភាពបែកបាក់គ្រប់យ៉ាងទាំងអស់នៃប្រព័ន្ធរបស់អាមេរិក» និងការធ្វើទុក្ខបុកម្នេញលើគូប្រជែងនយោបាយ ដោយសារហេតុផលនយោបាយ៕