
ប្រភពចំនួន៤ បានឲ្យដឹងថា ប្រទេសជប៉ុន បានតែងតាំងមន្ត្រីរដ្ឋាភិបាលមួយរូប ដើម្បីបំពេញតួនាទីជាមន្ត្រីការពារជាតិតាមជាក់ស្តែង នៅកោះតៃវ៉ាន់ ដោយបានបង្កើនទំនាក់ទំនងសន្តិសុខ ដែលជាកិច្ចប្រឹងប្រែងមួយ ទំនងជាធ្វើឲ្យប្រទេសចិនខឹងសម្បា ព្រោះបានទាមទារកោះយុទ្ធសាស្ត្រ និងប្រជាធិបតេយ្យមួយនេះ ថា ជាកម្មសិទ្ធិរបស់ខ្លួន។
ប្រទេសជប៉ុន មិនមានតំណាងការទូតផ្លូវការណាមួយនោះឡើយ នៅកោះតៃវ៉ាន់ ហើយជំនួសមកវិញដោយទំនាក់ទំនងទ្វេភាគី តាមរយៈសមាគមពាណិជ្ជកម្មជប៉ុន-តៃវ៉ាន់ នៅក្រុងតៃប៉ិ ដែលត្រូវបានគ្រប់គ្រងជាចម្បងដោយមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្ម ដែលត្រូវបានចាត់តាំងឡើងវិញ។
តែតួនាទីជាអនុព័ន្ធការពារជាតិ រហូតមកដល់ពេលនេះ ត្រូវបានកាន់កាប់ដោយមន្ត្រីកងកម្លាំងស្វ័យការពារជប៉ុន ដែលចូលនិវត្តន៍ ដោយការធ្វើបែបនេះ ដើម្បីជៀសវាងការបង្កអារិភាពជាមួយចិន។
ប្រភព ដែលសុំមិនបញ្ចេញឈ្មោះនោះ បានប្រាប់ថា មន្ត្រីនោះត្រូវបានឲ្យចូលរួមដោយមន្ត្រីម្នាក់ ដែលត្រូវបានបញ្ជូនដោយក្រសួងការពារជាតិ ដើម្បីបង្កើនការប្រមូលផ្តុំព័ត៌មាន និងទំនាក់ទំនងជាមួយយោធាកោះតៃវ៉ាន់។
មនុស្សម្នាក់ ដែលបានដឹងអំពីការតែងតាំងនេះ បាននិយាយថា នេះក៏ជាតំណាងផងដែរដល់ការគាំទ្ររបស់ជប៉ុន ចំពោះកោះតៃវ៉ាន់។ ប្រភពម្នាក់នោះ បានបន្ថែមថា៖ «កោះតៃវ៉ាន់បានស្នើសុំមន្ត្រីការពារជាតិដែលមានកាតព្វកិច្ចប្រតិបត្តិការ ដើម្បីបំពេញតួនាទីនេះ»៕