មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអង្គារបន្ទាប់ពីចុះពិនិត្យតំបន់ដែលត្រូវបានបំផ្លាញថា ក្រុមមន្ត្រីនៅប្រទេសលីប៊ីភាគខាងកើត បានស្រង់យកសាកសពជនរងគ្រោះជាង ១.០០០នាក់ ពីកម្ទេចកម្ទីនៅទីក្រុងឆ្នេរ ដែលបានជន់លិចដោយទឹកជំនន់ដ៏មហន្តរាយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ និយាយថា ចំនួនអ្នកស្លាប់ បានកើនលើសពី៥.៣០០នាក់ ដែលបានស្លាប់នៅក្នុងទីក្រុង Derna តែមួយដោយសារទឹកជំនន់វាយបោកបក់ដោយព្យុះ Daniel ពីសមុទ្រម៉េឌីទែរ៉ាណេ។

លោក Tamer Ramadan បេសកជនពិសេសប្រចាំប្រទេសលីប៊ី របស់សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងសមាគមអឌ្ឍន៍ចន្ទក្រហម កាលពីពេលមុនបាននិយាយថា មនុស្ស ១ម៉ឺននាក់បានបាត់ខ្លួនបន្ទាប់ពីទឹកជំនន់ពុំធ្លាប់មានពីមុនមក។ និយាយទៅកាន់អ្នកសារព័ត៌មានក្នុងសន្និសីទអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ តាមរយៈសន្និសីទវីដេអូពីប្រទេសទុយនីស៊ី លោកបាននិយាយថា ចំនួនអ្នកស្លាប់មានទំហំធំ ហើយត្រូវបានរំពឹងថា ឈានដល់រាប់ពាន់នាក់នៅពេលប៉ុន្មានថ្ងៃខាងមុខ។ ប្រធានអង្គការ Japan Chapagain បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា អ្នកស្ម័គ្រចិត្តសហព័ន្ធអន្តរជាតិ នៃកាកបាទក្រហម និងសមាគមអឌ្ឍន៍ចន្ទក្រហមបានស្លាប់ខណៈជួយជនរងគ្រោះដោយទឹកជំនន់។
ទីភ្នាក់សារព័ត៌មានរ៉យទ័បានដកស្រង់សម្តីលោក Hichem Chkiouat រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិល និងជាសមាជិកគណៈកម្មាធិការសង្គ្រោះបន្ទាន់ សម្រាប់រដ្ឋបាលនៅប្រទេសលីប៊ីភាគខាងកើត និយាយក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា «ខ្ញុំបានត្រលប់មកពីទីក្រុង Derna។ វាពិតជាមហន្តរាយខ្លាំង។ សាកសពមាននៅគ្រប់ទីកន្លែង នៅក្នុងសមុទ្រ នៅតាមជ្រលងភ្នំ និងនៅក្រោមអគារ៕ អត្ថបទ៖ សុខមាន
