អ្នកនៅរស់រានមានជីវិតពីការរញ្ជួយដីក្នុងប្រទេសម៉ារ៉ុក បានតស៊ូស្នាក់នៅក្នុងទីជម្រកបណ្ដោះអាសន្នកាលពីថ្ងៃអង្គារ បន្ទាប់ពីការរស់នៅកណ្ដាលវាលឈានដល់យប់ទី៤ ខណៈដែលក្រុមអ្នកភូមិនៅក្នុងតំបន់ភ្នំរងគ្រោះមហន្តរាយនេះ បានត្អូញត្អែរថា ពួកគេពុំទទួលបានជំនួយពីក្រុមអាជ្ញាធរឡើយ។
ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ចំនួនអ្នកស្លាប់ពីគ្រោះរញ្ជួយដីកម្រិត៦,៨ រ៉ិចទ័រ ដែលបានអង្រួនតំបន់ភ្នំ High Atlas កាលពីល្ងាចថ្ងៃសុក្រទី៨ខែកញ្ញា សប្ដាហ៍មុន បានហក់ឡើងដល់២.៩០១នាក់ ខណៈចំនួនអ្នករបួសមានច្រើនជាង២ដង រហូតដល់ ៥,៥៣០នាក់ ខណៈក្ដីសង្ឃឹមនៃការស្វែងរកអ្នកនៅមានជីវិតមានកាន់តែតិចទៅ។
នេះ គឺជាគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសនៅតំបន់អាហ្វ្រិកខាងជើងមួយនេះចាប់តាំងពីឆ្នាំ១៩៦០ និង ជាការរញ្ជួយដីដ៏មានឥទ្ធិពលបំផុតក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ ។

ក្រុមអ្នកសង្រ្គោះ មកពីប្រទេសអេស្ប៉ាញ ចក្រភពអង់គ្លេស និងកាតា កំពុងជួយដល់ក្រុមសង្រ្គោះរបស់ប្រទេសម៉ារ៉ុក ខណៈដែលប្រទេសអ៊ីតាលី បែលហ្ស៊ិក បារាំង និងអាល្លឺម៉ង់និយាយថាការស្នើសុំផ្ដល់ជំនួយរបស់ខ្លួនមិនទាន់ត្រូវបានអនុញ្ញាតនៅឡើយ។
ស្ថានភាពនេះគឺជាភាពអស់សង្ឃឹមបំផុតសម្រាប់មនុស្ស នៅក្នុងតំបន់ដាច់ស្រាយាលនានាដែលត្រូវបានកាត់ផ្ដាច់ដោយបំណាក់ដី បង្កឡើងដោយគ្រោះរញ្ជួយដី ដែលបានបិទផ្លូវចូលនានា ខណៈមានកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងក្នុងការនាំយកជំនួយកៅស៊ូតង់ ចំណីអាហារ និងទឹកជាដើម។
ក្នុងព្រះរាជសុន្ទរកថាដំបូងរបស់ព្រះអង្គ ចាប់តាំងពីរញ្ជួយដីមក ព្រះមហាក្សត្រមហាម៉េដទី៥ (King Mohammed VI) បានយាងពិនិត្យមើលស្ថានការណ៍នៅក្នុងទីក្រុងម៉ារ៉ាកិច (Marrakech)ស្ថិតនៅចម្ងាយ៧២គីឡូម៉ែត្រពីចំណុចកណ្ដាលនៃការរញ្ជួយដើម្បីជួបអ្នករងរបួសសម្រាកនៅមន្ទីរពេទ្យ ជាទីដែលទីភ្នាក់ងារសារព័ត៌មានរដ្ឋនិយាយថា ព្រះអង្គបានបរិច្ចាកឈាម៕ អត្ថបទ៖ សុខមាន
