របបសឹកក្នុងប្រទេសនីហ្សេ កាលពីថ្ងៃអង្គារ (១២ កញ្ញា) បាននិយាយថា ខ្លួននឹងបញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយប្រទេសជិតខាងបេណាំង ដោយចោទប្រកាន់ថា ប្រទេសនេះបានអនុញ្ញាតឱ្យមានការដាក់ពង្រាយកងទ័ពនៅលើទឹកដីរបស់ខ្លួន សម្រាប់ការធ្វើអន្តរាគមន៍យោធាដែលអាចកើតមានប្រឆាំងនឹងនីហ្សេ ដោយប្លុកតំបន់អាហ្វ្រិកខាងលិច។

ប្លុក ECOWAS កំពុងព្យាយាមចរចាជាមួយក្រុមមេដឹកនាំនៃរដ្ឋប្រហារនីហ្សេ ប៉ុន្តែបាននិយាយថា ប្រសិនបើកិច្ចខិតខំប្រឹងប្រែងការទូតបរាជ័យនោះ ប្លុកនេះត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់កម្លាំង ជាមធ្យោបាយចុងក្រោយដើម្បីស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ និងបញ្ច្រាសរដ្ឋប្រហារថ្ងៃទី២៦ ខែកក្កដា វិញ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកញ្ចក់ទូរទស្សន៍ជាតិ របបសឹកបាននិយាយថា បេណាំង «បានអនុញ្ញាតឱ្យដាក់ពង្រាយទាហាន ទាហានស៊ីឈ្នួល និងគ្រឿងយុទ្ធោបករណ៍សង្រ្គាម» នៅក្នុងបរិបទនៃអន្តរាគមន៍របស់ប្លុក ECOWAS ដែលអាចកើតមាន។ ជាលទ្ធផល ក្រុមអាជ្ញាធរនីហ្សេថ្មី «សម្រេចចិត្តបដិសេធកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាជាមួយប្រទេសបេណាំង»៕
