បន្ទាប់ពីចំហេះព្រៃដ៏មហន្តរាយនៅរដ្ឋហាវ៉ៃ ការបំផ្លិចបំផ្លាញដោយខ្យល់ព្យុះនៅរដ្ឋហ្វ្លរីដា និងគ្រោះធម្មជាតិជាច្រើនករណីផ្សេងទៀត ដោយសារបញ្ហាអាកាសធាតុធ្ងន់ធ្ងរនៅឆ្នាំនេះមក ភ្នាក់ងារសង្គ្រោះគ្រោះមហន្តរាយកាកបាទក្រហមអាមេរិក កំពុងចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងឆ្លើយតបគ្រោះមហន្តរាយ ដែលមានថវិកាចំនួន១ពាន់លានដុល្លារអាមេរិក ខណៈព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរទាំងនេះត្រូវបានគេរំពឹងថា នឹងកើនឡើងដោយសារតែបម្រែបម្រួលអាកាសធាតុ។

នៅឆ្នាំនេះ មានគ្រោះមហន្តរាយចំនួន២៣ករណី ដែលអាចបង្កឱ្យខូចខាតដល់ទៅជាង១ពាន់លានដុល្លារអាមេរិក នេះបើយោងតាមរដ្ឋបាលមហាសមុទ្រ និងបរិយាកាសរបស់សហរដ្ឋអាមេរិក ដែលបាននិយាយថា រហូតមកដល់ពេលនេះ ការខូចខាតសរុបមានតម្លៃជិត៥៨ពាន់លានដុល្លារហើយ ដែលមានតម្លៃខ្ពស់បំផុតក្នុងកំណត់ត្រា ដោយតួលេខនេះមិនរួមបញ្ចូលទាំងការចំណាយពីព្យុះសង្ឃរា អ៊ីដាលីយ៉ា កាលពីខែមុននោះទេ។
ហើយតួលេខនៃការចំណាយនោះត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀតព្រោះរដូវខ្យល់ព្យុះទើបតែចាប់ផ្តើមប៉ុណ្ណោះ។
ទីភ្នាក់ងារកាកបាទក្រហម បានទទួលមូលនិធិពីស្ថានប័នសប្បុរសធម៌ Lilly Endowment និងសប្បុរសជនផ្សេងទៀត សម្រាប់យុទ្ធសាស្ត្រអាកាសធាតុថ្មីចំនួន១ពាន់លានដុល្លារ ហើយក៏បន្តរៃអង្គាសថវិកាពីការបរិច្ចាគផ្សេងៗផងដែរ៕
