ជើងឯក Tour de France កីឡាករប្រណាំងកង់ដាណឺម៉ាក Jonas Vingegaard បានប្រជែងឈ្នះដំណាក់កាលទី ១៦ នៃព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ Grand Tour, Vuelta a Espana នៅប្រទេសអេស្ប៉ាញ និងបានរំកិលឡើងមកឈរលេខ ២ ក្នុងតារាងរួម។
ដំណាក់កាលទី ១៦ ដែលមានចំងាយផ្លូវ ១២១ គីឡូម៉ែត្រ កីឡាកររបស់ក្រុម Jumbo-Visma រូបនេះបានមកដល់ទីព្រ័ត្រមុនគេប្រើពេល ២ ម៉ោង ៣៨ នាទី ២៣ វិនាទី ឈ្នះដាច់អ្នកលេខ ២ កីឡាករនូវែស៊ីឡង់ Finn Fisher-Black ដល់ទៅ ៤៣ វិនាទី និងលេខ ៣ បានទៅកីឡាករហូឡង់ Wout Poels យឺតជាង ៤៩ វិនាទី។

ជ័យជំនះរបស់ Jonas Vingegaard ធ្វើឱ្យគេឡើងមកដល់លេខ ២ ក្នុងតារាងរួមដោយដេញពីក្រោយកីឡាករអាមេរិក Sepp Kuss មកត្រឹម ២៩ វិនាទី ខណៈលេខ ៣ នៅតែជាកីឡាករស្លូវេនី Primoz Roglic ដដែលយឺតជាង ១ នាទី ៣៣ វិនាទី។
សម្រាប់ដំណាក់កាលទី ១៧ ថ្ងៃពុធនេះមានចំងាយផ្លូវ ១២១ គីឡូម៉ែត្រផងដែរ ខណៈព្រឹត្តិការណ៍ Vuelta a Espana នឹងបញ្ចប់ទាំងស្រុងនៅថ្ងៃអាទិត្យទី ១៧ ខែកញ្ញានេះនៅទីក្រុង Madrid៕ អត្ថបទ៖នាង សុភាវុធ

