ក្រុមបាល់ទាត់ជម្រើសជាតិរ៉ូម៉ានីបានយកឈ្នះកូសូវ៉ូ ២-០ ក្នុងការប្រកួតវគ្គជម្រុះ Euro 2024 នៅយប់ថ្ងៃអង្គារម្សិលមិញ ខណៈការប្រកួតត្រូវផ្អាកជិតមួយម៉ោងដោយសារអ្នកគាំទ្ររ៉ូម៉ានី។
ការប្រកួតនៅរដ្ឋធានី Bucharest ប្រទេសរ៉ូម៉ានី ត្រូវបានផ្អាកនៅនាទីទី ១៨ បន្ទាប់អ្នកគាំទ្ររ៉ូម៉ានីមួយចំនួនបានស្រែកឈ្មោះប្រទេស “Serbia Serbia” និងបានសរសេរពាក្យថា Kosova គឺជា Serbia។
អាជ្ញាកណ្តាលក៏បានសម្រេចផ្អាកការប្រកួតសិន និងឱ្យកីឡាករទាំងអស់ចូលក្នុង។

រំលឹកថាកូសូវ៉ូបានប្រកាសឯករាជ្យពីស៊ែបនៅឆ្នាំ ២០០៨ ក្រោយទទួលបានសំឡេងគាំទ្រទទួលស្គាល់ពីជាង ១០០ ប្រទេសជុំវិញពិភពលោក លើកលែងតែរ៉ូម៉ានី។
ការប្រកួតក្រោយមកក៏ដំណើរការបន្ត ខណៈម្ចាស់ផ្ទះរ៉ូម៉ានីរកបានពីរគ្រាប់ដោយ Nicolas Stanciu នៅនាទីទី ៨៣ និងមួយគ្រាប់ទៀតនៅម៉ោងបន្ថែមបង្គ្រប់ដោយ Valentin Mihaila។
បីពិន្ទុនេះធ្វើឱ្យរ៉ូម៉ានីរំកិលឡើងមកឈរលេខ ២ ក្នុងពូលមាន ១២ ពិន្ទុ តាមពីក្រោយក្រុមលើគេក្នុងពូលស្វ៊ីស ២ ពិន្ទុ ខណៈកូសូវ៉ូធ្លាក់ទៅលេខ ៥ ក្នុងពូល៕ អត្ថបទ៖នាង សុភាវុធ


