សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយលោក Gaman Oleksandr ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសអ៊ុយក្រែន ប្រចាំព្រះរាជាណាចក្រកម្ពុជា ខណៈកិច្ចជំនួបនោះភាគីទាំងពីរបានពិភាក្សាគ្នាជាច្រើនក្នុងគោល បំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី។
ថ្លែងនៅក្នុងកិច្ចជំនួបនោះ សម្តេចប្រមុខរដ្ឋស្តីទីបានលើកឡើងថា ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះលោក Gaman Oleksandr ដែលត្រូវបាន ឯកឧត្តមប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអ៊ុយក្រែន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេចវិបុលសេនាភក្តី បានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអ៊ុយក្រែន ហើយសម្តេចមានជំនឿជឿជាក់ថា ក្នុងឋានៈលោកជាឯកអគ្គរដ្ឋទូត នៃប្រទេសអ៊ុយក្រែនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកនឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។
សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយលោកឯកអគ្គរដ្ឋទូត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរលោកទូតក៏បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ។ តាមរយៈបេសកកម្មការទូតរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា លោកនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងរដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀតផងដែរ៕ អត្ថបទ បាន ចក់






