ភ្នំពេញ៖ លោក សូត្រ សំណាង អគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការបើកវគ្គបណ្ដុះបណ្ដាលគរុកោសល្យភាសាចិននៅកម្ពុជា គឺជាការឆ្លើយតបទនឹងកំណើនទេសចរណ៍ និងវិនិយោគចិននៅកម្ពុជា។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយររៀបចំសិក្ខាសាល ស្តីពីការពិគ្រោះយោបល់លើការបណ្តុះបណ្តាលគរុកោសល្យភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ លោក សូត្រ សំណាង បានមានប្រសាសន៍ថា សិក្ខាសាលពិគ្រោះយោបល់នេះជាឱកាសដ៏មានសារ:សំខាន់ក្នុងការស្វែងរកធាតុចូល ដើម្បីបង្ហាញអំពីកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការផ្លាស់ប្តូរភាសាចិន-បរទេសទាក់ទងនឹងការបង្កើតជំនាញគរុកោសល្យភាសាចិនលើកទី១ នៅកម្ពុជា ស្របទៅតាមការរំពឹងទុករបស់រាជរដ្ឋាភិបាលប្រទសទាំង២។
លោក សូត្រ សំណាង បានថ្លែងថា ការចាប់ផ្តើមនៃការបណ្តុះបណ្តាលគរុកោសល្យភាសាចិននេះ ក៏ជាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយស្ថានទូតចិនប្រចាំកម្ពុជា សមាគមន៍សម្ព័ន្ធខ្មែរចិន ក៏ដូចជាសមាគមពាណិជ្ជកម្មចិននានានៅកម្ពុជាជាដើម។
លោក សូត្រ សំណាង បានបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលគរុកោសល្យភាសាចិននេះនឹងឆ្លើយតបទៅនឹងកំណើនទេសចរណ៍ វិនិយោគចិននៅកម្ពុជាកាន់តែមានជំនាញត្រឹមត្រូវ និងស្របទៅតាមការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា-ចិនផងដែរ។
លោក សូ ត្រ សំណាង អគ្គលេខាធិការរង នៃរាជបណ្ឌិតសភាកម្ពុជាបានបន្តថា ក្នុងបរិបទនេះកម្ពុជាបានសង្កេតឃើញថា ការបង្រៀនភាសាចិន ដែលពឹងផ្អែកតែលើគ្រូបង្រៀនដែលជាជនជាតិចិន បានធ្វើឲ្យកម្ពុជាជួបបញ្ហាប្រឈមមួយចំនួនរួមមាន ចំនួនគ្រូបង្រៀនមនអាចឆ្លើយតបទៅនឹងបច្ចុប្បន្នភាព ដោយគ្រូស្ម័គ្រចិត្តជាជនជាតិចិនមួយចំនួនមិនបានឆ្លងកាត់គរុកោសល្យពិតប្រាកដឡើយ។
ដើម្បីដោះស្រាយបញ្ហាបញ្ហាប្រឈមខាងលើនេះ លោក សូត្រ សំណាង បានបន្ថែមថា កម្មវិធីបណ្តុះបណ្តាលគរុកោសល្យភាសាចិន ដែលនឹងចាប់ផ្តើមនាខែវិច្ឆិកាខាងមុខនេះ នឹងជំរុញការកសាងសមត្ថភាពគ្រូបង្រៀនភាសាចិន ប្រកបដោយគុណភាព និងគរុកោសល្យខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ ជាពិសេសកម្មវិធីបណ្តុះបណ្តាលនេះនឹងពង្រឹង ក៏ដូចជាពង្រីកភាសាចិនគ្រប់កម្រិត ដើម្បីបំពេញសេចក្តីត្រូវការរបស់កម្ពុជា និងក្នុងតំបន់ស្របតាមគោលការណ៍ ផ្លូវមួយ ខ្សែក្រវាត់មួយ៕ អត្ថបទ៖ សេក ឧត្តម