សារព័ត៌មានឡាតវី បានរាយការណ៍កាលពីថ្ងៃទី១១ ខែកញ្ញាថា ឆ្មាំល្បាតព្រំដែនរដ្ឋឡាតវី នឹងស្នើឲ្យរដ្ឋាភិបាលបិទច្រកព្រំដែន Silene ជាមួយប្រទេសបេឡារុស បន្ទាប់ពីចំនួនមនុស្សដ៏ច្រើន បានព្យាយាមឆ្លងកាត់ដោយខុសច្បាប់ កាលពីសប្តាហ៍មុន។

ប្រធានឆ្មាំល្បាតព្រំដែន លោក Guntis Pujāts ( ហ្គុនទីស ភូចាត) បាននិយាយនៅលើប៉ុស្តិ៍ទូរទស្សន៍ LR1 ថា ក្នុងអំឡុងពេល៧ថ្ងៃកន្លងមកនេះ អ្នកស្វែងរកសិទ្ធិជ្រកកោនចំនួន ៨៩២នាក់ ត្រូវបានស្ទាក់ចាប់ ដោយព្យាយាមចូលទៅក្នុងប្រទេសឡាតវីពីប្រទេសបេឡារុស ដែលធ្វើឲ្យសប្តាហ៍មុននេះ មានភាពតានតឹងខ្លាំងបំផុតក្នុងរយៈពេលបីឆ្នាំ ចាប់តាំងពីឆ្នាំ ២០២១។
មន្ត្រីរូបនេះ មិនបានបដិសេធនូវលទ្ធភាពដែលពលរដ្ឋមួយចំនួន បានគេចពីសន្តិសុខ និងឆ្លងដែននោះទេ។
ក្រៅពីឆ្មាំល្បាតព្រំដែន ទីក្រុងរីហ្គា (Riga) បានធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅយោធា និងនគរបាល ដើម្បីពង្រឹងព្រំដែនរបស់ខ្លួនជាមួយនឹងបេឡារុស។ ចំណែកប្រទេសលីទុយអានី ក៏បានយល់ព្រមបញ្ជូនឆ្មាំល្បាតព្រំដែនចំនួន២០នាក់បន្ថែមទៀត ដើម្បីជួយប្រទេសឡាតវីដែរ។