ខណៈដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទៅដល់ប្រទេសរុស្ស៊ីតាមរថភ្លើងឯកជនកាលពីថ្ងៃអង្គារ (១២ កញ្ញា) សម្រាប់កិច្ចពិភាក្សា ជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរិះគន់រុស្ស៊ី លើការផ្គត់ផ្គង់អាវុធក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ពីកូរ៉េខាងជើង។

ឯកអគ្គរាជទូតរបស់ចក្រភពអង់គ្លេស លោកស្រី Barbara Woodward បាននិយាយថា «មានភ័ស្តុតាងដែលមិនអាចប្រកែកបាន ដែលថារុស្ស៊ីកំពុងចរចារកិច្ចព្រមព្រៀងដ៏មានសក្តានុពលសម្រាប់គ្រឿងយុទ្ធោបករណ៍បរិមាណដ៏ច្រើន និងសព្វាវុធជាច្រើនប្រភេទពីកូរ៉េខាងជើង ដើម្បីប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន»។
ជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោក Robert Wood ក៏បាននិយាយថា «យើងជំរុញឱ្យរដ្ឋសមាជិកទាំងអស់ រំលឹករុស្ស៊ីអំពីកាតព្វកិច្ចក្រុមប្រឹក្សាសន្តិសុខរបស់ខ្លួន ដោយរំលឹករុស្ស៊ីថា ការផ្ទេរអាវុធណាមួយរវាងប្រទេសទាំងពីរនោះ នឹងបំពានលើការហាមឃាត់អាវុធរបស់អង្គការសហប្រជាជាតិលើកូរ៉េខាងជើង ដែលរុស្ស៊ីខ្លួនឯងនោះ បានបោះឆ្នោតអនុម័ត»។
ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត បានសម្តែងការព្រួយបារម្ភចំពោះសញ្ញាថ្មីៗនៃកិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធរវាងរុស្ស៊ី និងកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ។ កិច្ចពិភាក្សារវាងលោក គីម និងលោក ពូទីន នឹងក្លាយជាជំនួបកំពូលលើកទីពីរ ដែលពួកគេបានជួបគ្នាម្ដងរួចមកហើយនៅក្នុងឆ្នាំ២០១៩ ក្នុងដំណើរចុងក្រោយរបស់លោក គីម នៅបរទេសផងដែរ៕

