កាលពីថ្ងៃអង្គារ (១២ កញ្ញា) ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា ការវាយប្រហារដោយមានចរិតរើសអើងជនជាតិភាគតិច ដែលប្រព្រឹត្តដោយកងកម្លាំងគាំទ្ររហ័សរបស់ស៊ូដង់ (RSF) និងកងជីវពលសម្ព័ន្ធមិត្ត បានសម្លាប់មនុស្សរាប់រយនាក់នៅទីក្រុង Darfur ភាគខាងលិច របស់ស៊ូដង់។

ការបង្ហូរឈាម អំពើហឹង្សា និងការផ្លាស់ទីលំនៅ បានកើនឡើងចាប់តាំងពីការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF បានផ្ទុះឡើងក្នុងខែមេសា ដែលនាំប្រទេសនេះឈានទៅរកសង្គ្រាមស៊ីវិល។
លោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ថា ការវាយប្រហារទាំងនេះ ភាគច្រើនបានកើតឡើងនៅក្នុងទីក្រុង El Geneina រដ្ឋធានីនៃក្រុង Darfur ភាគខាងលិច និងទីក្រុងចុងបញ្ចឹម របស់ប្រទេសស៊ូដង់ ប៉ុន្តែការវាយប្រហារទាំងនោះ ក៏បានកើតឡើងក្នុងទីតាំងយ៉ាងហោចណាស់ចំនួន៨ផ្សេងទៀតផងដែរ។
ការវាយប្រហារប្រឆាំងនឹងប្រជាជនម៉ាសាលីត ដែលមិនមែនជាជនជាតិអារ៉ាប់ និងជាសហគមន៍ដ៏ធំបំផុតនៅទីក្រុង El Geneina បានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ ភៀសខ្លួនឆ្លងកាត់ព្រំដែនក្បែរនោះ ជាមួយប្រទេសឆាដ។
លោក Turk ក៏បានគូសបញ្ជាក់ផងដែរនូវអ្វីដែលលោកហៅថា «ការរីករាលដាលនៃអំពើហិង្សាផ្លូវភេទដែលទាក់ទងនឹងជម្លោះ» ដោយនិយាយថា ការិយាល័យរបស់លោក បានទទួលរបាយការណ៍គួរឱ្យទុកចិត្តនៃឧប្បត្តិហេតុចំនួន៤៥ករណី ដែលពាក់ព័ន្ធនឹងជនរងគ្រោះយ៉ាងហោចណាស់៩៥នាក់ ក្នុងនោះមានស្ត្រី៧៥នាក់ បុរសម្នាក់ និងកុមារ១៩នាក់ ផងដែរ៕

