ជនអន្តោប្រវេសន៍រាប់រយនាក់ រួមទាំងក្រុមគ្រួសារមកពីទ្វីបអាហ្រ្វិក អាស៊ី និងអាមេរិកឡាទីន បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារ នៅចន្លោះរបាំងព្រំដែនដ៏ធំពីរ ដែលខ័ណ្ឌចែកសហរដ្ឋអាមេរិក និងម៉ិកស៊ិក នៅជិតទីក្រុងសានឌីហ្គោ (San Diego) ដែលជាទិដ្ឋភាពដែលធ្វើឲ្យគេនឹកឃើញដល់ពីការប្រមូលផ្តុំគ្នាកាលពីខែឧសភា។

បុគ្គលិកផ្តល់ជំនួយ និងអ្នកតស៊ូមតិ បានចែកអាហារដល់មនុស្សទាំងនោះតាមចន្លោះបន្ទះដែកពណ៌ត្នោតចាស់និងការផ្តល់អាហារដល់កុមារជាអាទិភាព ខណៈពេលដែលពួកគេរង់ចាំការដំណើរការដោយការិយាល័យគយ និងការការពារព្រំដែនសហរដ្ឋអាមេរិក។
រូបភាពជាច្រើនរបស់សារព័ត៌មានរ៉យទ័រ បានបង្ហាញឲ្យឃើញមនុស្សកំពុងតម្រង់ជួរជុំវិញមន្ត្រីល្បាតព្រំដែនអាមេរិក នៅពេលពួកគេ ផ្តល់ទិសដៅនានា។
អ្នកស្រី អាឌ្រៀណា ចាសសូ (Adriana Jasso) អ្នកតស៊ូមតិសិទ្ធិមនុស្ស នៅគណៈកម្មាធិការសេវាកម្មមិត្តអាមេរិក បាននិយាយថា៖«ការវិវឌ្ឍនៃចំនួនដែលយើងកំពុងឃើញនេះ បានចាប់ផ្តើម កាលពីថ្ងៃអង្គារ និងថ្ងៃពុធនៃសប្តាហ៍មុន»។

