គុនចម្រុះ៖ អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា គ្រោងនឹងទៅរស់នៅប្រទេសបារាំងជាមួយគ្រួសារ ដ្បិតភរិយា និងកូនស្រីទាំង ២នាក់របស់ខ្លួននឹងត្រូវចាកចេញពីកម្ពុជាទៅរស់នៅ និងសិក្សានៅទឹកដីអឺរ៉ុបនេះមុននាពាក់កណ្ដាលខែក្រោយ។

ចាន់ រតនា បានបញ្ជាក់ថា ភរិយារបស់ខ្លួនលោកស្រី Cindy Coupon និងកូនស្រីទាំង ២នាក់ នឹងទៅរស់នៅបារាំងមុនប្រហែលពាក់កណ្ដាលខែមិថុនាខាងមុខ ប៉ុន្តែការចាកចេញពីកម្ពុជារបស់គ្រួសារនេះ រតនា មិនបានរួមដំណើរនោះទេដោយគ្រោងទៅតាមក្រោយ។ កីឡាករជាប់កិច្ចសន្យាជាមួយសង្វៀន ONE Chanpionship រូបនេះបន្ដថា សម្រាប់ខ្លួនប្រហែល ១ឆ្នាំទៀត ទើបទៅរស់នៅបារាំងជុំគ្រួសារ ព្រោះចង់នៅធ្វើការងារខ្លះសិន។ ប៉ុន្តែយ៉ាងណាមិញ ខ្លួនក៏ចាំមើលស្ថានភាពជាក់ស្ដែងផងដែរ។ ប៉ុន្តែដោយមានគម្រោងទៅរស់នៅប្រទេសបារាំង ដែលជាស្រុកកំណើតរបស់ភរិយាខ្លួន ម្ចាស់ក្លិបសិល្បៈដដែលក៏បានរៀនភាសាបារាំងតាំងពីដើមឆ្នាំ២០២០ មកម្ល៉េះ ព្រោះខ្លួនចង់ចេះដើម្បីទំនាក់ទំនង និងនៅថ្ងៃអនាគត ចាន់ រតនា ចង់ទៅរស់នៅប្រទេសបារាំងមួយរយៈជាមួយគ្រួសារខ្លួនផង។
យ៉ាងណាមិញកីឡាករវ័យ ៣៥ឆ្នាំរូបនេះបានអះអាងថា ទោះបីខ្លួនទៅរស់នៅប្រទេសបារាំង ក៏គេអាចត្រឡប់មកប្រកួតលើសង្វៀន ONE បានដែរ ពោលគឺពេលគេទៅដល់ទីនោះ រតនា នឹងស្វែងរកទីតាំងសមស្របមួយដើម្បីបើកក្លិបនៅប្រទេសបារាំង និងត្រូវចំណាយពេលខ្លះដើម្បីសិក្សា និងពិចារណាក្នុងគោលបំណងផ្សព្វផ្សាយគុនខ្មែរនៅបារាំងផងដែរ។ សូមបញ្ជាក់ថា ភរិយារបស់កីឡាករ ចាន់ រតនា គឺអ្នកស្រី Cindy Coupon ជាជនជាតិបារាំង ហើយអ្នកស្រីបានមករស់នៅ និងធ្វើការនៅប្រទេសកម្ពុជាអស់រយៈពេល ១៨ឆ្នាំមកហើយ៕
អត្ថបទ៖ លី ឈុនឡា