អស់រយៈពេលជាងពីរឆ្នាំមកនេះ រដ្ឋបាលលោកបៃដិន បាននិងកំពុងជំរុញឲ្យមានវិធីសាស្រ្តដឹកនាំដោយជនជាតិហៃទី ដើម្បីដោះស្រាយអំពើហិង្សាក្រុមជនអន្ធពាលដែលកំពុងកើនឡើងនៅប្រទេសហៃទី និងធ្វើឲ្យកាន់តែវិបត្តិមនុស្សធម៌ សង្គម និងនយោបាយកាន់តែជ្រៅៗទៅ។
ប៉ុន្តែមានដំណោះស្រាយមួយដែលក្រុងវ៉ាស៊ីនតោន មិនបានត្រៀមខ្លួន ដើម្បីគាំទ្រនោះ គឺការប្រើប្រាស់កងទ័ពហៃទី។
អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់សារព័ត៌មាន Miami Herald ថា ខណៈពេលដែលសហរដ្ឋអាមេរិកនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពគ្មានច្បាប់ ដែលកំពុងបន្តពាក់ព័ន្ធនឹងក្រុមជនអន្ធពាលប្រដាប់អាវុធ និងគាំទ្រដំណោះស្រាយ ដែលដឹកនាំដោយជនជាតិហៃទីនោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានហាមឃាត់ដោយច្បាប់ពីការផ្តល់ជំនួយដល់កងកម្លាំងប្រដាប់អាវុធនៃប្រទេសហៃទី»។
អ្នកនាំពាក្យរូបនេះ បាននិយាយថា៖ យើងជឿថា បញ្ហាប្រឈមផ្នែកសន្តិសុខរបស់ប្រទេសហៃទី គឺធ្ងន់ធ្ងរ ហើយបន្តផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាល បំពាក់អាវុធ និងផ្តល់យោបល់ដល់នគរបាលជាតិហៃទី ដើម្បីធ្វើឲ្យវាក្លាយជាភ្នាក់ងារអនុវត្តច្បាប់ ដែលមានការទទួលខុសត្រូវ ធនធានល្អ និងមានសមត្ថភាព ដោយបានបន្ថែមថា បទប្បញ្ញត្តិនេះ មិនអនុញ្ញាតឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក «នាំចេញសម្ភារៈការពារជាតិ និងសេវាកម្មការពារជាតិទៅកាន់ប្រទេសហៃទី លើកលែងតែការគាំទ្រដល់ឆ្មាំល្បាតឆ្នេរសមុទ្ររបស់ប្រទេសហៃទី និងការគាំទ្រសម្រាប់បេសកកម្មរបស់UN នៅក្នុងប្រទេសហៃទីប៉ុណ្ណោះ៕


