នាយសេនាធិការចម្រុះកូរ៉េខាងត្បូង និងឆ្មាំល្បាតឆ្នេរជប៉ុន បាននិយាយនៅពុធនេះថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកមួយគ្រាប់នៅក្បែរឆ្នេរសមុទ្ររបស់ខ្លួន ប៉ុន្មានម៉ោងប៉ុណ្ណោះ មុនមេដឹកនាំលោក Kim Jong Un ជួបលោកប្រធានាធិបតី Vladimir Putinនៅប្រទេសរុស្ស៊ី។

ពុំមានការបញ្ចេញព័ត៌មានលម្អិតភ្លាមៗទេ អំពីទំហំឬ ចម្ងាយនៃមីស៊ីលនេះ ប៉ុន្តែប្រហែល៥នាទីបន្ទាប់ពីការព្រមានពីការបាញ់នេះ អង្គភាពឆ្មាំជប៉ុន បានរាយការណ៍ថា មីស៊ីលនោះបានធ្លាក់។
ប្រទេសនុយក្លេអ៊ែរកូរ៉េខាងជើង បានបាញ់ជាទៀងទាត់ ចាប់ពីមីស៊ីលរយៈចម្ងាយខ្លី និងមីស៊ីលតម្រង់គោលដៅរហូតដល់មីស៊ីលអន្តរទ្វីបបាលីស្ទីកដ៏ធំ (ICBMs) ដែលមានសមត្ថភាពវាយប្រហារដល់ទឹកដីសហរដ្ឋអាមេរិក។

មីស៊ីលបាលីស្ទីកគ្រប់ប្រភេទ និងសកម្មភាពអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវបានហាមប្រាមដោយសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានអនុម័តចុងក្រោយ មានការគាំទ្រពីដៃគូរបស់ទីក្រុងព្យុងយ៉ាង នៅក្នុងប្រទេសចិន និងរុស្ស៊ី កាលពីឆ្នាំ២០១៧។
ចាប់តាំងពីពេលនោះមក ទីក្រុងប៉េកាំង និង ទីក្រុងមូស្គូ បានអំពាវនាវឲ្យបន្ធូរបន្ថយទណ្ឌកម្ម លើកូរ៉េខាងជើង ដើម្បីចាប់ផ្ដើមពិភាក្សាផ្នែកការទូត និងជួយសម្រាលស្ថានភាពមនុស្សធម៌៕
