ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបជាមួយឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជា និងអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការបោសសម្អាតមីនតាមតំបន់ព្រំដែនកម្ពុជា-ថៃ ។
ក្នុងជំនួបខាងលើ ដែលធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេស និងប្រជាជនទាំងពីរ ដែលមានព្រំប្រទល់ជាប់គ្នា ព្រមទាំងបានគូសបញ្ជាក់អំពីចក្ខុវិស័យដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ឲ្យអស់ត្រឹមឆ្នាំ២០២៥ ។
ឯកឧត្តមបន្តថា អាជ្ញាធរមីន បានទទួលអនុវត្តន៍នូវទស្សនវិស័យ និងសេចក្តីសម្រេចរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលបានឯកភាពគ្នាជំរុញធ្វើការបោសសម្អាមីនឲ្យអស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងប្រែក្លាយតំបន់ព្រំដែន នៃប្រទេសទាំងពីរ ជាតំបន់សន្តិភាព ស្ថេរភាព សុវត្ថិភាព និងការអភិវឌ្ឍ ។
ពាក់ព័ន្ធនឹងការងារបោសសម្អាតមីនតាមព្រំដែន ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញដល់ ក្រុមការងារបច្ចេកទេសសកម្មភាពមីន នៃប្រទេសទាំងពីរ បន្តជួបពិភាក្សាគ្នាជាលក្ខណៈបច្ចេកទេស និងតាមការចាំបាច់លើទីតាំង ដែលត្រូវបោសសម្អាត ក្នុងគោលដៅដើម្បីបម្រើនូវឧត្តមប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរ ៕ អត្ថបទ បាន សុខរិទ្ធិ



