រុស្ស៊ី ៖ ក្រុមអ្នកជំនាញបានប្រាប់សារព័ត៌មាន CNA កាលពីថ្ងៃអង្គារ (១២ កញ្ញា) ថា ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីរវាងរុស្ស៊ី និងកូរ៉េខាងជើង នឹងមានផលប៉ះពាល់យ៉ាងទូលំទូលាយលើទណ្ឌកម្មពិភពលោក ដែលដាក់លើទីក្រុងព្យុងយ៉ាង។
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទៅដល់ប្រទេសរុស្ស៊ីកាលពីព្រឹកថ្ងៃអង្គារ ដើម្បីជួបជាមួយសមភាគីលោក វ្ល៉ាឌីមៀ ពូទីន ជាមួយនឹងកិច្ចពិភាក្សាស្តីពីអាវុធ លើរបៀបវារៈនៃជំនួបនោះ។
នៅមុននោះ សហរដ្ឋអាមេរិកបានព្រមានលោក គីម ថា ការផ្តល់សព្វាវុធដល់រុស្ស៊ី «នឹងមិនមានផលល្អចំពោះកូរ៉េខាងជើងទេ ហើយពួកគេនឹងទទួលខុសត្រូវនូវផលវិបាកសម្រាប់រឿងនេះ នៅក្នុងសហគមន៍អន្តរជាតិផងដែរ»។
ខណៈទីក្រុងមូស្គូ ងាកទៅរកទីក្រុងព្យុងយ៉ាង សម្រាប់គ្រាប់កាំភ្លើងធំ ដែលត្រូវការក្នុងចំនួនច្រើន ដោយសារតែអន្តរប្រតិបត្តិការរវាងផ្នែករឹងយោធារបស់ពួកគេនោះ ក្រុមអ្នកជំនាញបាននិយាយថា កូរ៉េខាងជើងអាចទទួលបានបច្ចេកវិទ្យាអវកាសរបស់រុស្ស៊ី និងបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរ ជាថ្នូរនឹងការជួយប្រទេសនេះបំពេញចន្លោះនៃសមត្ថភាពគ្រឿងយុទ្ធោបករណ៍សង្គ្រាមរបស់ខ្លួន៕

