ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ថ្លែងថា ការផ្លាស់ប្ដូរឈ្មោះពីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មកជាក្រសួង «អធិការកិច្ច» គឺដើម្បីសម្រួចការងាររបស់ក្រសួងស្របតាមយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាននូវការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងអធិការកិច្ច បានថ្លែងប្រាប់ទូរទស្សន៍ BTV នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះថា ការផ្លាស់ប្ដូរឈ្មោះ ពីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មកជាក្រសួង «អធិការកិច្ច» គឺជាឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ស្របតាមយុទ្ធស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីនយោបាយអាទិភាពសំខាន់ៗរបស់ប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្ដីថ្លែងថា បច្ចុប្បន្នសេចក្ដីព្រាងច្បាប់របស់ក្រសួងអធិការកិច្ចកំពុងបន្តនីតិវិធី នៅរដ្ឋសភា ដើម្បីឈានទៅសម្រេចអនុម័តឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជាផ្នែកមួយសំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ និងពង្រឹងអភិបាលកិច្ចនៅក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័ត បញ្ចូលសេចក្តីព្រាងច្បាប់ស្តីពី «ការបង្កើតក្រសួងអធិការកិច្ច» ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈកម្មការជំនាញរដ្ឋសភា បានពិនិត្យសិក្សាចប់សព្វគ្រប់តាមនីតិវិធី ៕អត្ថបទ៖វ៉ន ដារ៉ា