លីប៊ី ៖ ប្រធានជំនួយសង្គ្រោះរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths កាលពីថ្ងៃអង្គារ (១២ កញ្ញា) បាននិយាយថា ស្ថាប័នពិភពលោកមួយនេះ កំពុងបែងចែកប្រាក់ថវិកាចំនួន១០លានដុល្លារ ពីមូលនិធិសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិ ដើម្បីផ្គត់ផ្គង់យ៉ាងឆាប់រហ័សដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងប្រទេសលីប៊ី។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់លីប៊ី បានឲ្យដឹងថា គ្រោះទឹកជំនន់នេះបានឆក់យកជីវិតមនុស្សជាង៥.៣០០នាក់មកទល់ពេលនេះ ហើយមនុស្សរាប់ពាន់នាក់ទៀតនៅតែបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីព្យុះមេឌីទែរ៉ាណេ បានបោកបក់ដល់ដីនៅភាគខាងកើតប្រទេសលីប៊ី កាលពីថ្ងៃអាទិត្យ (១០ កញ្ញា) ដោយបង្កជាទឹកជំនន់ និងបានបង្កបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងនូវ «ការរំលែកទុក្ខដ៏ក្រៀមក្រំ» ដល់ក្រុមអាជ្ញាធរលីប៊ី និងក្រុមគ្រួសារនៃជនរងគ្រោះដែលបានបាត់បង់ជីវិត ដោយសារខ្យល់ព្យុះដ៏មហន្តរាយនេះ នេះបើយោងតាមអ្នកនាំពាក្យរបស់លោក។
លោក Stephane Dujarric អ្នកនាំពាក្យរបស់ Guterres បាននិយាយថា ក្រុមការងាររបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីប៊ី កំពុងធ្វើប្រតិបត្តិការឆ្លើយតបគ្រោះមន្តរាយនេះនៅទីតាំងរងគ្រោះ ហើយអង្គការសហប្រជាជាតិ កំពុងប្រមូលធនធាន និងក្រុមសង្គ្រោះបន្ទាន់ ដើម្បីជួយដល់ប្រជាជនដែលរងផលប៉ះពាល់ក្នុងប្រទេសនេះផងដែរ៕

