អាហ្វហ្កានីស្ថាន ៖ ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (១២ កញ្ញា) ថា សិទ្ធិមនុស្សនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កំពុងស្ថិតក្នុងស្ថានភាពដួលរលំ ដោយចោទប្រកាន់ក្រុមតាលីបង់ពីកម្រិតនៃការគាបសង្កត់ស្ត្រី និងកុមារីដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងប្រទេសនេះ។
ពួកតាលីបង់បានត្រលប់មកកាន់អំណាចវិញនៅខែសីហា ឆ្នាំ២០២១ ហើយបានដាក់ការរឹតត្បិតលើសិទ្ធិ និងសេរីភាពរបស់ស្ត្រី និងកុមារី តាមរយៈបម្រាមលើការអប់រំ និងការងារជាដើម។
លោក Volker Turk បាននិយាយនៅមុខក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ដោយសុន្ទរកថានោះ ស្របគ្នានឹងការបោះពុម្ភរបាយការណ៍ដោយការិយាល័យរបស់លោក ដែលគ្របដណ្តប់រយៈពេលពីខែមីនា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣ ដោយលើកឡើងពី «ជំហានថយក្រោយជាប្រព័ន្ធនៃនីតិរដ្ឋ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាពិសេសទាក់ទងនឹងសិទ្ធិស្ត្រី និងកុមារី»។
របាយការណ៍បានចងក្រងឯកសារស្តីពីការរំលោភបំពានជាច្រើន រួមទាំងករណីនៃអំពើហិង្សាលើស្ត្រី និងកុមារីចំនួន៣២៤ករណី រួមទាំងឃាតកម្ម ឬហៅថា ការសម្លាប់ព្រោះការបំពានប្រពៃណី ក៏ដូចជាការវាយដំ និងអាពាហ៍ពិពាហ៍កុមារផងដែរ។
របាយការណ៍នោះ ក៏បាននិយាយផងដែរថា ខ្លួនបានចងក្រងជាឯកសារជាញឹកញាប់នៃករណីស្ត្រីដែលត្រូវបានយាយី ឬវាយដំ នៅប៉ុស្តិ៍ត្រួតពិនិត្យដោយក្រុមអាជ្ញាធរតាលីបង់ សម្រាប់ការមិនពាក់ស្បៃរុំក្បាល ឬហៅថាហ៊ីចាប ឱ្យបានត្រឹមត្រូវ ឬត្រូវបានបញ្ជូនទៅផ្ទះវិញដោយសារមិនមានអាណាព្យាបាលជាបុរស៕

