សារព័ត៌មាន New York Times បានរាយការណ៍ដោយសំអាងដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់វៀតណាម នៅថ្ងៃពុធ (១៣ កញ្ញា) នេះថា មនុស្សជាង៥០នាក់បានស្លាប់ និងមនុស្សរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីមានអគ្គីភ័យដ៏ធំមួយ នៅក្នុងប្លុកអគារមួយកន្លែងក្នុងរដ្ឋធានីហាណូយរបស់ប្រទេសនេះ។
សាក្សីបាននិយាយថា អគ្គិភ័យបានចាប់ផ្តើមនៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ (១២ កញ្ញា) នៅក្នុងជាន់ចំណតនៃអគារកម្ពស់៩ជាន់ ដែលជាទីតាំងមួយប្រមូលផ្តុំទៅដោយទោចក្រយានយន្តរបស់អ្នកស្រុក។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់វៀតណាម បាននិយាយថា ក្រុមអាជ្ញាធរបានជួយសង្គ្រោះមនុស្សប្រហែល៧០នាក់ ដោយប្រញាប់ប្រញាល់បញ្ជូនមនុស្សចំនួន៥៤នាក់ទៅកាន់មន្ទីរពេទ្យ រួមទាំងមានអ្នកស្លាប់រាប់សិបនាក់ផងដែរ។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា ឧបទ្ទវហេតុនេះ គឺជាអគ្គិភ័យដ៏ធ្ងន់ធ្ងរ ហើយភ្លើងបានរលត់ទៅវិញនៅព្រឹកថ្ងៃពុធនេះ និងក្រុមសង្គ្រោះកំពុងបន្តស្វែងរកអ្នកនៅរស់។
ហេតុការណ៍នេះកើតឡើងរយៈពេលមួយឆ្នាំ បន្ទាប់ពីអគ្គិភ័យនៅក្នុងហាងខារ៉ាអូខេកម្ពស់បីជាន់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហូជីមិញ បានសម្លាប់មនុស្ស៣២នាក់។ គួររម្លឹកផងដែរថា ប្រទេសវៀតណាម បានជួបប្រទះនឹងអគ្គិភ័យយ៉ាងសន្ធោសន្ធៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាញឹកញាប់កើតឡើងនៅកន្លែងកម្សាន្ត ដូចជាហាងខារ៉ាអូខេដ៏ពេញនិយមជាដើម៕

