អាមេរិក ៖ ប្រធានសភាអាមេរិក លោក Kevin McCarthy បាននិយាយថា សភាតំណាងរាស្រ្តអាមេរិក នឹងបើកការស៊ើបអង្កេតជាផ្លូវការលើការចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីទម្លាក់តំណែងប្រធានាធិបតីរូបនេះ។
លោក McCarthy បាននិយាយថា ការស៊ើបអង្កេតនោះ នឹងផ្តោតលើ «ការចោទប្រកាន់ពីបទរំលោភអំណាច ការរារាំង និងអំពើពុករលួយ» ដោយលោក បៃដិន ផងដែរ។ សមាជិកគណបក្សសាធារណរដ្ឋ បាននិងកំពុងស៊ើបអង្កេតប្រធានាធិបតីរូបនេះ ចាប់តាំងពីពួកគេបានកាន់កាប់សភាកាលពីខែមករាមក។
សវនាការទាក់ទងនឹងសំណុំរឿងនោះ មិនបានរកឃើញភស្តុតាងជាក់លាក់នៃការប្រព្រឹត្តខុសរបស់លោក បៃដិន ទេ។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនៅវិមានកាពីតូល សហរដ្ឋអាមេរិក លោក McCarthy បាននិយាយថា មានការចោទប្រកាន់ «ធ្ងន់ធ្ងរ និងគួរឱ្យជឿជាក់» ពាក់ព័ន្ធនឹងការប្រព្រឹត្តរបស់ប្រធានាធិបតីរូបនេះ។ ជាមួយគ្នានេះដែរ សេតវិមានបានថ្កោលទោសភ្លាមៗការសម្រេចរបស់លោក McCarthy ពាក់ព័ន្ធនឹងការលើកឡើងនោះផងដែរ។
លោក McCarthy សមាជិកសភាមកពីរដ្ឋកាលីហ្វ័រនីញ៉ា ក៏បានចោទប្រកាន់លោក បៃដិន ថា ក្រុមគ្រួសាររបស់លោកប្រធានាធិបតីរូបនេះ បានទទួលការគាំពារពិសេសពីក្រុមមន្ត្រីរដ្ឋបាលរបស់លោក បៃដិន ដោយបានស៊ើបអង្កេតការចោទប្រកាន់ពីបទប្រព្រឹត្តខុសវិន័យរបស់លោក បៃដិន។
សេតវិមានបានបដិសេធការជាប់ពាក់ព័ន្ធរបស់លោកប្រធានាធិបតី ក្នុងសំណុំរឿងលោក Hunter Biden ដែលជាកូនប្រុសរបស់លោក ហើយបាននិយាយថា លោកប្រធានាធិបតី បៃដិន មិនមានទំនាក់ទំនងជាមួយនឹងប្រតិបត្តិការអាជីវកម្មរបស់កូនប្រុសលោកនោះទេ៕

