បារាំង ៖ ក្រសួងការបរទេសបារាំង កាលពីថ្ងៃអង្គារ (១៣ កញ្ញា) បានអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់នូវមន្ត្រីបារាំងមួយរូប ដែលត្រូវបានឃុំខ្លួនដោយកងកម្លាំងសន្តិសុខក្នុងប្រទេសនីហ្សេ។ ក្រសួងដដែលនេះ បាននិយាយថា ទីប្រឹក្សាជនជាតិបារាំងនៅនីហ្សេ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងសន្តិសុខនីហ្សេនៅថ្ងៃទី៨ ខែកញ្ញា។
មន្ត្រីរូបនោះ គឺជាទីប្រឹក្សាពលរដ្ឋបារាំងនៅបរទេស ដែលជាមន្ត្រីជាប់ឆ្នោតតំណាងឱ្យជនបរទេសបារាំង និងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូត និងស្ថានកុងស៊ុលរបស់ប្រទេស។
របបសឹកដែលកំពុងកាន់អំណាចរបស់ប្រទេសនីហ្សេកាលពីខែមុន បានបញ្ជាឱ្យនគរបាលបណ្តេញឯកអគ្គរដ្ឋទូតបារាំងចេញពីប្រទេស ក្នុងសកម្មភាពមួយដែលបង្ហាញពីការធ្លាក់ចុះបន្ថែមទៀតនៅក្នុងទំនាក់ទំនងរវាងប្រទេសបារាំង និងអតីតអាណានិគមរបស់ខ្លួនមួយនេះ។
ទីក្រុងប៉ារីសបាននិយាយថា ក្រុមមន្ត្រីកងទ័ព ដែលបានដណ្តើមអំណាចនៅរដ្ឋធានី នីញ៉ាមេ កាលពីចុងខែកក្កដា មិនមានសិទ្ធិអំណាចក្នុងការបណ្តេញឯកអគ្គរដ្ឋទូតបារាំងចេញពីប្រទេសនោះទេ៕

