កូរ៉េខាងជើង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់ប្រធានវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធ (១៣ កញ្ញា) នេះថា រុស្ស៊ីកំពុងប្រយុទ្ធនឹងសង្រ្គាមពិសិដ្ឋជាមួយលោកខាងលិច ហើយថាប្រទេសទាំងពីរនឹងរួមគ្នាប្រយុទ្ធជាមួយ «ចក្រពត្តិនិយម» ដែលចង់សំដៅដល់លោកខាងលិច។
លោក គីម បានប្រាប់លោក ពូទីន តាមរយៈអ្នកបកប្រែថា «រុស្ស៊ីបានក្រោកឡើងក្នុងការប្រយុទ្ធដ៏ពិសិដ្ឋដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងអនុត្តរភាព ហើយយើងនឹងគាំទ្រការសម្រេចរបស់លោកប្រធានាធិបតី ពូទីន និងថ្នាក់ដឹកនាំរុស្ស៊ីជានិច្ច»។
នៅព្រឹកថ្ងៃនេះ លោក ពូទីន បានស្វាគមន៍លោក គីម ជុងអ៊ុន នៅតំបន់ Vostochny Cosmodrome ( វ៉ូស្តុចឈ្នី កូសម៉ូដ្រូម) ដែលជាទីតាំងបាញ់បង្ហោះគ្រាប់រ៉ុក្កែតអវកាសទំនើបបំផុតរបស់រុស្ស៊ី។
លោក ពូទីន បាននិយាយនៅពេលលោកចាប់ដៃលោក គីម រយៈពេលប្រហែល៤០វិនាទីថា «ខ្ញុំរីករាយដែលបានជួបអ្នក។ នេះគឺជាមូលដ្ឋានបាញ់រ៉ូកែតអវកាសថ្មីរបស់យើង»។
កិច្ចពិភាក្សាវាងលោក គីម និងលោក ពូទីន គឺជាជំនួបកំពូលលើកទីពីរ ដែលពួកគេបានជួបគ្នាម្ដងរួចមកហើយនៅក្នុងឆ្នាំ២០១៩ ក្នុងដំណើរចុងក្រោយរបស់លោក គីម នៅបរទេស៕

