អូទ្រីស ៖ ក្រុមមន្រ្តីសួនសត្វ និយាយថា រមាសញីមួយក្បាល បានជាន់ឈ្លីអ្នកថែសួនសត្វម្នាក់រហូតដល់ស្លាប់ ហើយនិងបានធ្វើឲ្យអ្នកថែសួនសត្វម្នាក់ផ្សេងទៀត រងរបួសនៅក្នុងសួនសត្វរបស់ទីក្រុង Salzburg ស្ថិតនៅតំបន់ជាយក្រុងប្រទេសអូទ្រីសមួយនេះ កាលពីថ្ងៃអង្គារ ។
លោក Sabine Grebner គឺជាប្រធានសួនសត្វ Salzburg Hellbrunn និយាយថា ឧបទ្ទេវហេតុនេះ បានកើតឡើងនៅពេលព្រឹក ពេលដែលសត្វត្រូវបានអ្នកមើលថែឲ្យចំណី និងព្យាបាលដោយប្រើថ្នាំសម្លាប់សត្វល្អិត ។
អ្នកថែសួនជាបុរសដែលរងរបួស ត្រូវបានប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជីវិតរបស់លោក ពុំស្ថិតក្នុងគ្រោះថ្នាក់នោះទេ ។
យោងតាមការអះអាងរបស់អ្នកនាំពាក្យក្រុមនគរបាល បានឲ្យដឹងថា អ្នកថែសួនសត្វបុរស ទើបតែបានរៀបការជាមួយអ្នកមើលថែនារី ដែលបានស្លាប់ ។
អ្នកថែសួនសត្វនារី គឺជាជនជាតិអាល្លឺម៉ង់មកពីរដ្ឋ Bavaria ដែលមានបទពិសោធន៍ខ្លាំង និងជំនាញខាងសត្វរមាស ខណៈដែលសហការីបុរសរបស់នាង ទទួលខុសត្រូវការឲ្យចំណីសត្វ ។ នាងបានស្លាប់នៅវេលាម៉ោង ៧ និង ៤នាទីព្រឹក ត្រូវនឹងម៉ោង ៥ និង ៤នាទី ម៉ោងសកល ។
លោក Grebner និយាយថា រមាសដែលជាប់ពាក់ព័ន្ធនឹងឧបទ្ទេវហេតុស្លាប់មនុស្សខាងលើ គឺជារមាសញីឈ្មោះ Yeti ហើយរមាសទាំងអស់នៅក្នុងសួនសត្វ បានរស់នៅទីនេះជាយូរមកហើយ ហើយនិងប្រាស្រ័យទាក់ទងគ្នាល្អខ្លាំងណាស់ជាមួយអ្នកមើលថែរបស់ពួកវា ៕

