អាល្លឺម៉ង់ ៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានអំពាវនាវឲ្យកិច្ចចរចាអន្តរជាតិថ្មីលើការរំសាយអាវុធនុយក្លេអ៊ែរ គួរតែមានការជាប់ពាក់ព័ន្ធនឹងប្រទេសចិនផងដែរ ពោលគឺមិនមែនមានតែសហរដ្ឋអាមេរិក និងរុស្ស៊ីប៉ុណ្ណោះនោះទេ ។
លោក Olaf បាននិយាយនៅក្នុងព្រឹត្តការណ៍សាសនានៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃអង្គារថា ប្រទេសដទៃទទួលបានសមត្ថភាពតាមវិធីរបស់ពួកគេ ដែលរួមទាំងសមត្ថភាពថ្មីដែលពុំបានរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀង ឧទាហរណ៍ដូចជាចិនជាដើម ហើយវាសំខាន់ខ្លាំងណាស់ត្រូវសម្រេចគោលដៅម្តងទៀតសម្រាប់ការគ្រប់គ្រងអាវុធ ។
យោងតាមការអះអាងរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិក្រុង Stockholm(SIPRI)បានឲ្យដឹងថា ចំនួនអាវុធនុយក្លេអ៊ែរប្រតិបត្តិការ បានកើនឡើងតិចតួចនៅក្នុងឆ្នាំ ២០២២ ស្របពេលដែលប្រទេសជាច្រើនអនុវត្តន៍ទំនើបកម្មកងកម្លាំងរយៈពេលយូរ និងផែនការពង្រីកកងកម្លាំង ។
លោក Olaf បន្តទៀតថា ពួកយើងទើបបានចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន G20 នៅក្នុងប្រទេសឥណ្ឌា គឺជាកិច្ចប្រជុំមួយដែលពួកយើងសម្រេចបានកិច្ចការច្រើនណាស់តាមអ្វីដែលខ្ញុំគិត ហើយទំនងជាពុំបានកើតឡើងកាលពីមុននោះទេ ។ វាគឺជាជំនួបមួយដែលសំខាន់បំផុត ដោយសារតែវាបានធ្វើឲ្យមានកិច្ចសហប្រតិបត្តិការជិតស្និតរវាងបណ្តាប្រទេសនៅអឺរ៉ុប អាមេរិកខាងជើង និងប្រទេសជាច្រើនទៀតនៅអាហ្វ្រិក អាមេរិកខាងត្បូង និងអាស៊ី ៕

