អាមេរិក ៖ វាគឺជាការបញ្ចប់ការងារអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីស្រង់ឥដ្ឋិធាតុកងទ័ពអាកាសអាមេរិកម្នាក់ ដែលយន្តហោះទម្លាក់គ្រាប់បែករបស់គាត់ បានធ្លាក់ចូលក្នុងសមុទ្រជិតតំបន់ឆ្នេរប្រទេសម៉ាល់តា អំឡុងសង្រ្គាមលោកលើកទី ២ ។
ពលបាល Irving R. Newman របស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានស្លាប់នៅវ័យ ២២ឆ្នាំ កាលពីខែឧសភា ឆ្នាំ ១៩៤៣ ។ យន្តហោះទម្លាក់គ្រាប់បែក B-24D Liberator របស់គាត់ គឺជាផ្នែកមួយនៃបេសកកម្មទម្លាក់គ្រាប់បែកលើកំពង់ផែ Reggio di Calabria របស់ប្រទេសអ៊ីតាលី ប៉ុន្តែយន្តហោះ បានជួបបញ្ហាម៉ាស៊ីន និងបានវិលត្រឡប់កាន់ប្រទេសម៉ាល់តាវិញ បណ្តាលឲ្យធ្លាក់នៅក្នុងដែនសមុទ្រជិតតំបន់មុជទឹក Benghajsa Point ។
លោកសាស្រ្តាចារ្យ Timmy Gambin ដែលជាបុរាណវិទូសមុទ្រម៉ាល់តា បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា យន្តហោះទម្លាក់គ្រាប់បែក B-24 ត្រូវគ្រាប់កាំភ្លើងបាញ់យន្តហោះនៅលើកោះ Sicily ជាហេតុធ្វើឲ្យមានបញ្ហាម៉ាស៊ីនម្ខាងរបស់វា ហើយបើទោះបីជាពីឡុតប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីចុះចតនៅប្រទេសម៉ាល់តាយ៉ាងណាក្តី វាបញ្ចប់ទៅដោយឲ្យយន្តហោះចុះចតលើសមុទ្រនៅតំបន់ឆកសមុទ្រ Marsaxlokk ។
លោកបន្តថា នៅក្នុងចំណោមអាកាសយានិក ១០នាក់នៅលើយន្តហោះ អាកាសយានិក ៩នាក់ ត្រូវបានជួយសង្រ្គោះដោយកងទ័ពអាកាស RAF ហើយអាកាសយានិកម្នាក់ទៀត បានលិចទៅជាមួយយន្តហោះ ។
ដោយរួមសហការណ៍ការងារជាមួយទីភ្នាក់ងារ Defense POW/MIA Accounting (DPAA)លោក Gambin បានដឹកនាំក្រុមបុរាណវិទូ ដែលជួយឲ្យសម្រេចការវិភាគបំណែកយន្តហោះទម្លាក់គ្រាប់បែក ដោយប្រើប្រាស់ផែនទី 3D ដ៏ស្មុគស្មាញ ហើយនៅទីបញ្ចប់ពួកគេបានរកឃើញឥដ្ឋិធាតុរបស់ពលបាល Newman ៕

