មីយ៉ាន់ម៉ា ៖ កូនប្រុសរបស់លោកស្រីអ៊ុងសាន ស៊ូជី គឺជាអតីតមេដឹកនាំស្ថិតក្រោមការឃុំឃាំងរបស់សហភាពមីយ៉ាន់ម៉ា និយាយថា ស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរទៅរបស់ម្តាយគាត់ ពិតជាគួរឲ្យព្រួយបារម្ភខ្លាំងណាស់ ដោយសារតែគាត់មានជំងឺអញ្ជាញធ្មេញធ្ងន់ធ្ងរ ហើយពិបាកទទួលទានចំណីអាហារនៅក្នុងពន្ធនាគារ ។
លោក Kim Aris ដែលជាកូនប្រុសរបស់គាត់ និងមានសញ្ជាតិអង់គ្លេស បាននិយាយថា ម្ចាស់ជ័យលាភីណូបែលសន្តិភាពវ័យ ៧៨ឆ្នាំរូបនេះ ដែលជាប់ពន្ធនាគារអស់រយៈពេលជាង ២ឆ្នាំមកហើយនោះ បានកើតមានបញ្ហាវិលមុខ និងក្អួតចង្អោរ ប៉ុន្តែត្រូវបានគេបដិសេធន៍ពុំឲ្យជួបគ្រូពេទ្យខាងក្រៅនោះទេ ។
លោកបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកពិតជាព្រួយបារម្ភខ្លាំងណាស់ ។
គួរឲ្យដឹងថា លោកស្រី ស៊ូជី បានឈ្នះការបោះឆ្នោតកាលពីឆ្នាំ ២០១៥ ដែលត្រូវបានរៀបចំឡើងជាផ្នែកមួយនៃកំណែទម្រង់យោធា ហើយគណបក្សរបស់លោកស្រី បានឈ្នះឆ្នោតម្តងទៀតនៅឆ្នាំ ២០២០ មុនពេលយោធាប្តឹងលោកស្រីពីការលួចបន្លំសន្លឹកឆ្នោត ។
យោធា បានផ្តួលរំលំ និងចាប់ខ្លួនលោកស្រី ស៊ូជី នៅខែកុម្ភៈ ឆ្នាំ ២០២១ ដោយចោទប្រកាន់ភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោត ។
លោកស្រីប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពាក់ព័ន្ធនឹងបទព្រហ្មទណ្ឌ ១៩ករណី ប៉ុន្តែលោកស្រី បានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់នេះ ចាប់ពីកាចោទប្រកាន់ពីបិទញុះញង់ និងការលួចបន្លំសន្លឹកឆ្នោត ហើយលោកស្រី បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការចោទប្រកាន់ទាំងអស់នេះផងដែរ ។
លោក Aris ដែលរស់នៅក្នុងទីក្រុងឡុងដ្រ៍ ហើយកាលពីក្មេងលោកបានឡើងទទួលពានរង្វាន់ណូបែលសន្តិភាពជំនួសម្តាយជាប់ពន្ធនាគាររបស់លោកនោះ ពុំអាចទាក់ទងជាមួយម្តាយរបស់លោក ចាប់តាំងពីលោកស្រី ត្រូវបានឃុំឃាំងដោយយោធាមកម្ល៉េះ ៕

