អាមេរិក ៖ បើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយ នៅថ្ងៃពុធ (ទី១៣ ខែកញ្ញា) នេះ បានឲ្យដឹងថា ជំងឺរាតត្បាតកូវីដ-១៩ បានបណ្តាលឲ្យមានការថយចុះយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្ររបស់កុមារ ដោយមានកុមារចំនួន ៣៣៣លាននាក់ នៅតែរស់នៅក្នុងស្ថានភាពក្រីក្រខ្លាំងបំផុត។
របាយការណ៍ពីមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) និងធនាគារពិភពលោក បានរកឃើញថា ជំងឺរាតត្បាត នាំឲ្យការលុបបំបាត់ភាពក្រីក្រខ្លាំងបំផុត សម្រាប់កុមារចំនួន ៣០លាននាក់ បានតិចជាងការព្យាករណ៍ពីមុន ហើយបើយោងតាមរបាយការណ៍នោះ បានបង្ហាញថា ជាលទ្ធផល កុមារប្រហែល ១នាក់ ក្នុងចំណោម ៦នាក់ នៅតែបន្តរស់ជាមួយនឹងចំណូលតិចជាង ២,១៥ដុល្លារអាមេរិក ក្នុងមួយថ្ងៃ។
នាយកប្រតិបត្តិអង្គការយូនីសេហ្វ លោកស្រី Catherine Russell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វិបត្តិរួមបញ្ចូលគ្នា ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ជម្លោះ បម្រែបម្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ច បានបញ្ឈប់ដំណើរការលុបបំបាត់ភាពក្រីក្រ ហើយបានធ្វើឲ្យកុមាររាប់លាននាក់ស្ថិតក្នុងស្ថានភាពក្រីក្រខ្លាំងបំផុត»។
ការរកឃើញរបស់របាយការណ៍នេះ បានជះឥទ្ធិពលដល់ការងារនៃគោលដៅដ៏ធំរបស់អង្គការសហប្រជាជាតិ ក្នុងការលុបបំបាត់ភាពក្រីក្រខ្លាំងបំផុតរបស់កុមារ នៅឆ្នាំ២០៣០។
យ៉ាងណាក្ដី ធនាគារពិភពលោក និងអង្គការយូនីសេហ្វ បានអំពាវនាវឲ្យបណ្ដាប្រទេសនានាផ្តល់អាទិភាពដល់ការដោះស្រាយភាពក្រីក្ររបស់កុមារ និងបង្កើតវិធានការជាច្រើន ក្នុងនោះរួមទាំងការពង្រីកកម្មវិធីផ្ដល់អត្ថប្រយោជន៍ដល់កុមារជាសកល៕

