ចិន ៖ កាលពីថ្ងៃអង្គារម្សិលមិញ ទីក្រុងប៉េកាំង បាននិយាយថា ពួកគេបានប្តេជ្ញាចិត្តរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ ក្រោយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានចាត់ទុកចិនថាបានដើរតួមានទំនួលខុសត្រូវនៅក្នុងការរក្សាការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning និយាយថា លោក Yoon និងនាយករដ្ឋមន្រ្តីចិនលោក Li Qiang (លី ឈៀង) បានពិភាក្សាគ្នាលើភាពតានតឹងនៅឧបទ្វីបកូរ៉េ អំឡុងជំនួបមួយភ្លែតរបស់ពួកគេ នៅក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន G20នៅក្នុងទីក្រុងញូវដែល្លី ប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះ ។
លោកស្រី Maoនិយាយថា មេដឹកនាំចិន និងកូរ៉េខាងត្បូង ពិតជាបានលើកឡើងបញ្ហានៅឧបទ្វីបកូរ៉េ អំឡុងជំនួបរបស់ពួកគេ ។
លោកស្រីបន្តថា ចិនបានលើកឡើងម្តងហើយម្តងទៀតពីគោលជំហរគោលរបស់ខ្លួនគាំទ្រការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង លើបញ្ហាឧបទ្វីបកូរ៉េ ការគំាទ្ររក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ ហើយនិងបង្ហាញឆន្ទៈរបស់ខ្លួន ក្នុងការបន្តការប្តេជ្ញាចិត្តស្វែងរកសនិ្តភាព និងលើកកម្ពស់កិច្ចពិភាក្សា ។
ពេលសួរពីលទ្ធភាពដែលប្រធានាធិបតីចិនលោក Xi Jinping ជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un លោកស្រី Mao និយាយថា លោកស្រីគ្មានព័ត៌មានផ្តល់ជូននោះទេ ។
ប្រភពព័ត៌មាន បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារថា អនុសាសន៍របស់លោកស្រី Mao បានកើតមានឡើង ក្រោយពេលលោក Kimធ្វើដំណើរដល់ប្រទេសរុស្ស៊ី គឺជាដំណើរមួយដែលវិមានក្រឹមឡាំងនិយាយថា នឹងមានការពិភាក្សាយ៉ាងទូលំទូលាយជាមួយលោកប្រធានាធិបតី Vladimir Putin ស្របពេលមានការព្រមានពីទីក្រុងវ៉ាស៊ីងតោនថា ទីក្រុងព្យុងយ៉ាង មិនគួរយល់ព្រមលើកិច្ចព្រមព្រៀងលក់អាវុធជាដាច់ខាត ៕

