ជប៉ុន ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Hirokazu Matsuno បាននិយាយ នៅថ្ងៃពុធ (ទី១៣ ខែកញ្ញា) ថា ប្រទេសជប៉ុន បានធ្វើការតវ៉ាផ្លូវការយ៉ាងខ្លាំងក្លាប្រឆាំងនឹងប្រទេសកូរ៉េខាងជើង បន្ទាប់ពីមានការបាញ់មីស៊ីលបាលីស្ទិកចុងក្រោយរបស់ទីក្រុងព្យុងយ៉ាង។
លោក Matsuno បានប្រាប់អ្នកសារព័ត៌មានថា មីស៊ីលទាំង ២គ្រាប់នោះ បានធ្លាក់ក្នុងសមុទ្រ នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសជប៉ុន ហើយថា ទីក្រុងតូក្យូនឹងឆ្លើយតបក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង និងឆ្មាំល្បាតសមុទ្ររបស់ជប៉ុន បានឲ្យដឹង នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកចំនួន ២គ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ពោលគឺត្រឹមតែប៉ុន្មានម៉ោងមុនពេលមេដឹកនាំ លោក គីម ជុងអ៊ុន (Kim Jong Un) ត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតីលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ក្នុងប្រទេសរុស្ស៊ី៕

