
ប្រភពដែលបានដឹងអំពីបញ្ហាពាក់ព័ន្ធនឹងការសុំការពន្យារពេលសងបំណុលរបស់ក្រុមហ៊ុន Country Garden បានឲ្យដឹងថា ក្រុមហ៊ុននេះ បានទទួលបានការយល់ព្រមពីម្ចាស់បំណុលរបស់ខ្លួន ដើម្បីពន្យារកាលកំណត់នៃប័ណ្ណបំណុលក្នុងស្រុកមួយបន្ថែមទៀត ខណៈពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍ចិនមួយនេះ កំពុងតស៊ូបញ្ចៀសការខកខានសងបំណុល ក្នុងពេលមានការខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ដើម្បីធ្វើឲ្យវិស័យដែលរងគ្រោះដោយវិបត្តិនេះ មានស្ថិរភាព។
ប្រភពនានាដែលសុំមិនបញ្ចេញឈ្មោះ ដោយសារមិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បានប្រាប់ថា រយៈពេលផុតកំណត់នៃប័ណ្ណបំណុល ក្នុងស្រុករបស់ក្រុមហ៊ុន Country Garden ដែលបានជួបបញ្ហាសាច់ប្រាក់នេះ ត្រូវបានបន្លាយរយៈពេលបីឆ្នាំទៀត។
វិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Country Garden គឺជាបញ្ហាចុងក្រោយបំផុត ដែលវាយលុកលើវិស័យអចលនៈទ្រព្យដែលជាប់គាំង និងដែលធ្លាប់ជាសសរស្តម្ភនៃកំណើនរបស់ប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក ប៉ុន្តែបានក្លាយជាឧបសគ្គដ៏ធំបំផុតដល់ការរីកចម្រើន គិតចាប់តាំងពីឆ្នាំ២០២១ បន្ទាប់ពីមានវិបត្តិសាច់ប្រាក់មិនធ្លាប់មានពីមុនមកនេះ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Country Garden មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើរបស់សារព័ត៌មាន Reuters ដែលសុំការអត្ថាធិប្បាយលើការបន្តកាលកំណត់នៃប័ណ្ណបំណុលនេះ។
មុនពេលមានការបោះឆ្នោតចុងក្រោយបង្អស់ ដើម្បីពន្យារកាលកំណត់នៃប័ណ្ណបំណុលក្នុងស្រុកចំនួន៨ ក្រុមហ៊ុន Country Garden បានដោះស្រាយ ក្នុងការជៀសវាងការខកខានសងបំណុល នៅនាទីចុងក្រោយចំនួន ២ដង នៅដើមខែនេះ ដោយនាំមកនូវភាពធូរស្រាលខ្លះៗដល់វិស័យអចលនទ្រព្យ ដែលរងការរំខានយ់ាងធ្ងន់ធ្ងរនេះ៕