
មេដឹកនាំរបស់ប្រទេសចិន គឺលោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) បានបង្ហាញព័ត៌មានលម្អិតនៃផែនការ ដើម្បីធ្វើឲ្យខេត្ត Fujian ភាគអាគ្នេយ៍របស់ប្រទេសចិនក្លាយទៅជាតំបន់បង្ហាញឲ្យឃើញពីការអភិវឌ្ឍន៍រួមបញ្ចូលគ្នាជាមួយកោះតៃវ៉ាន់។
បក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាលចិន កាលពីថ្ងៃអង្គារ (ទី១២ ខែកញ្ញា) បានចេញផ្សាយវិធានការជាក់លាក់ចំនួន ២១ចំណុច ដើម្បីបង្កើតតំបន់នេះ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជំរុញដល់អ្វី ដែលហៅថា ការបង្រួបបង្រួមដោយសន្តិភាពជាមួយមាតុប្រទេស។ ខេត្ត Fujian នេះ មានទីតាំងនៅទល់មុខនឹងកោះតៃវ៉ាន់ ឆ្លងកាត់សមុទ្រ។
គោលនយោបាយនេះ បង្ហាញថា ក្រុងប៉េកាំងមានគោលបំណងបង្កើតបរិយាកាសមួយ ដែលនឹងលើកទឹកចិត្តដល់ក្រុមហ៊ុនកោះតៃវ៉ាន់ឲ្យមកធ្វើអាជីវកម្មក្នុងខេត្តនេះ។ គោលនយោបាយក៏មានគម្រោងផងដែរ ក្នុងការលើកកម្ពស់កម្មវិធីសុខុមាលភាពសង្គម សម្រាប់ប្រជាជនកោះតៃវ៉ាន់ ដើម្បីបង្កភាពងាយស្រួលដល់ពួកគេ ក្នុងការធ្វើការងារ និងទទួលបានសេវាវេជ្ជសាស្រ្ត នៅក្នុងខេត្តនេះ។
ក្រោមគម្រោងនេះ ទីក្រុងប៉េកាំងនឹងព្យាយាមពន្លឿនការអភិវឌ្ឍឆ្លងច្រកសមុទ្រ ដោយជំរុញការធ្វើសមាហរណកម្មជាមួយអ្នករស់នៅលើកោះ Kinmen របស់កោះតៃវ៉ាន់ ដែលនៅជិតខេត្ត Fujian។ វិធានការទាំងនេះ រួមមានការផ្តល់ឧស្ម័ន និងអគ្គិសនីដល់ប្រជាជនកោះ និងការសាងសង់ស្ពានតភ្ជាប់ខេត្ត និងកោះនេះ៕