
ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានដាក់ទណ្ឌកម្មភេរវកម្មលើបណ្តាញគ្រួសារមួយនៃបុគ្គល៧រូប និងអាជីវកម្មនៅក្នុងប្រទេសលីបង់ និងអាមេរិកខាងត្បូងដែលត្រូវបានចោទប្រកាន់ពីបទផ្តល់ហិរញ្ញប្បទានដល់ក្រុមសកម្មប្រយុទ្ធហេសបូឡា ( Hezbollah) រួមទាំងបុរសជនជាតិលីបង់ម្នាក់ ដែលក្រុមមន្ត្រីបាននិយាយថា បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដែលបានបណ្តាលឲ្យមនុស្សពីរនាក់ ស្លាប់នៅក្នុងប្រទេសអាហ្សង់ទីន ក្នុងទសវត្សរ៍ឆ្នាំ១៩៩០។
លោក Amer Mohamed Akil Rada ត្រូវបានគេពណ៌នាថាជា«សមាជិកប្រតិបត្តិម្នាក់» ដែលបានធ្វើការវាយប្រហារលើសមាគមរួមគ្នាអាហ្សង់ទីន-អ៊ីស្រាអែល នៅទីក្រុង Buenos Aires ក្នុងឆ្នាំ១៩៩៤ ដែលបានសម្លាប់មនុស្ស ៨៥នាក់ និងរាប់រយនាក់រងរបួស។ ការវាយប្រហារឆ្នាំ១៩៩២លើស្ថានទូតអ៊ីស្រាអែលនៅអាហ្សង់ទីន បានបណ្តាលឲ្យមនុស្ស ២៩នាក់ស្លាប់។
លោក Brian Nelson អនុរដ្ឋមន្ត្រីក្រសួងរតនាគារទទួលបន្ទុកអំពើភេរវកម្ម និងចារកម្មហិរញ្ញវត្ថុ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សកម្មភាពថ្ងៃនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការស្វែងរកប្រតិបត្តិករ និងហិរញ្ញាធិការីរបស់ក្រុមហេសបូឡា និងទីតាំងរបស់ពួកគេ។ ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានចាត់ទុកជា «អង្គការភេរវករបរទេស» ហើយទីក្រុងវ៉ាស៊ីនតោន ក៏បានអះអាងផងដែរថា ក្រុមនេះ បានជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀននៅអាមេរិកឡាទីន ដើម្បីបង្កើតប្រាក់ចំណូល។