
បើយោងតាមរបាយការណ៍របស់ការិយាល័យជំរឿនប្រជាជនរបស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (ទី១២ ខែកញ្ញា) បានឲ្យដឹងថា អត្រានៃភាពក្រីក្រនៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ១២,៤ភាគរយ ក្នុងឆ្នាំ២០២២ ដោយភាពក្រីក្ររបស់កុមារច្រើនជាងទ្វេដងនៃឆ្នាំ២០២១។
រង្វាស់ភាពក្រីក្របន្ថែម (SPM) ដែលធ្វើការវាស់ស្ទង់ថា តើមនុស្សមានធនធានគ្រប់គ្រាន់ ដើម្បីដោះស្រាយតម្រូវការរបស់ខ្លួនបាន ឬអត់នោះ កើនឡើង ៤,៦ភាគរយ នៅឆ្នាំ២០២២ បើធៀបនឹងឆ្នាំមុន។
ទិន្នន័យនេះ ក៏បានបង្ហាញផងដែរថា អត្រានៃភាពក្រីក្ររបស់កុមារ បានកើនឡើងទ្វេដង ពី ៥,២ភាគរយ ក្នុងឆ្នាំ២០២១ ដល់ ១២,៤ភាគរយ ក្នុងឆ្នាំ២០២២។ នេះគឺជាការប្រែប្រួលដ៏ធំបំផុតនៃភាពក្រីក្ររបស់កុមារ គិតចាប់តាំងពីទីភ្នាក់ងារនេះ បានចាប់ផ្តើមតាមដានសន្ទស្សន៍ ក្នុងឆ្នាំ២០០៩។
ការកើនឡើងនៃភាពក្រីក្រនេះ បានបន្ថែមដល់ការកើនឡើងនៃជនជាតិអាមេរិកចំនួន ១៥,៣លាននាក់ដែលកំពុងរស់នៅក្នុងភាពក្រីក្រ។ នេះបើយោងតាមមជ្ឈមណ្ឌលស្តីពីថវិកា និងអាទិភាពគោលនយោបាយ ដែលជាវិទ្យាស្ថានស្រាវជ្រាវលម្អៀងទៅឆ្វេងនិយមរបស់សហរដ្ឋអាមេរិក៕
