យោងតាមប្រភពពីផ្នែកវេជ្ជសាស្ត្រ បានឲ្យដឹងថា ការវាយឆ្មក់តាមអាកាស លើតំបន់Darfur ដែលការបំផ្លាញដោយសង្គ្រាមរបស់ប្រទេសស៊ូដង់ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៤០នាក់ស្លាប់ កាលពីថ្ងៃពុធ ខណៈប្រធានបេសកកម្មអង្គការសហប្រជាជាតិប្រចាំប្រទេសនេះលាលែងពីតំណែង។
លោក Volker Perthes ជាបុគ្គលដែលពុំត្រូវបានស្វាគមន៍ដោយអាជ្ញាធរស៊ូដង់ ចាប់តាំងពីខែមិថុនាមក បានព្រមានជាថ្មីម្តងទៀតដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅក្នុងសន្និសីទសារព័ត៌មានចុងក្រោយរបស់លោកមុនពេលចាកចេញពីតំណែងថា ហានិភ័យនៃសង្គ្រាមនៅស៊ូដង់ កាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត។

ប្រភពផ្នែកវេជ្ជសាស្ត្របានប្រាប់សារព័ត៌មាន AFP ពីមន្ទីរពេទ្យមួយកន្លែងក្នុងក្រុង Nyalafa នៃតំបន់ Darfur ខាងត្បូងថា ជនស៊ីវិល៤០នាក់ បានស្លាប់នៅក្នុងការយប្រហារតាមអាកាស ដែលបានធ្លាក់លើទីផ្សារ២កន្លែង និងតំបន់ជិតខាងទីក្រុងមួយចំនួនទៀត។
យោងតាមការសន្និដ្ឋាន ពីគម្រោងទីន្ន័យព្រឹត្តិការណ៍ និងតំបន់ជម្លោះប្រដាប់អាវុធ បានឲ្យដឹងថា ចាប់តាំងពីការប្រយុទ្ធគ្នាចាប់ផ្តើមនៅថ្ងៃទី១៥ ខែមេសា រវាងកងទ័ពជាតិ ដឹកនាំដោយឧត្តមសេនីយ៍ លោក Abdel Fattah al-Burhan និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ដែលត្រូវបានបញ្ជាដោយអតីតមេបញ្ជាការរងរបស់លោក Burhan គឺលោក Mohamed Hamdan Daglo មនុស្សជិត៧.៥០០នាក់ បានស្លាប់។
យោងតាមតួលេខរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា មនុស្សជាង៥លាននាក់បានជម្លៀសខ្លួនចេញ រួមទាំង១លាននាក់ដែលបានភៀសខ្លួនឆ្លងកាត់ព្រំដែន៕
