ក្រសួងសុខាភិបាល និងប្រជាសេវារបស់សហរដ្ឋអាមេរិក (HHS) កាលពីថ្ងៃពុធ (១៣ កញ្ញា) បានប្រកាសភាពអាសន្នផ្នែកសុខភាពសាធារណៈ (PHE) សម្រាប់រដ្ឋ Georgia ដើម្បីដោះស្រាយជាមួយនឹងផលប៉ះពាល់នៃព្យុះសង្ឃរា អ៊ីដាលីយ៉ា។

ខ្យល់ព្យុះនោះ បានបោកបក់លើឆ្នេរឈូងសមុទ្ររដ្ឋហ្វ្លរីដា កាលពីចុងខែសីហា ជាមួយនឹងខ្យល់កន្រ្តាក់ខ្លាំង ភ្លៀងធ្លាក់ជោគជាំ និងរលកសមុទ្រធំៗ មុនពេលឆ្ពោះទៅភាគអាគ្នេយ៍នៃរដ្ឋ Georgia ជាទីដែលទឹកជំនន់ធ្វើឲ្យអ្នកស្រុកមួយចំនួនជាប់ខ្លួននៅក្នុងលំនៅឋានរបស់ពួកគេ។
ក្រសួងសុខាភិបាល HHS បាននិយាយថា ដោយមានសេចក្តីប្រកាសអាសន្នសុខភាពនេះ អ្នកផ្តល់សេវាថែទាំសុខភាព និងអ្នកផ្គត់ផ្គង់ទាំងអស់ នឹងមានភាពបត់បែនកាន់តែច្រើនក្នុងការបំពេញតម្រូវការសង្គ្រោះបន្ទាន់របស់មនុស្ស ដែលគ្របដណ្តប់ដោយផែនការសុខភាពវេជ្ជសាស្រ្ត និងជំនួយបរិក្ខារ។
សេចក្តីប្រកាសនេះបដិសេធលក្ខខណ្ឌតម្រូវមួយចំនួនដូចជា គ្រូពេទ្យ ឬអ្នកជំនាញផ្នែកថែទាំសុខភាពផ្សេងទៀត មិនចាំបាច់ត្រូវមានអាជ្ញាប័ណ្ណនៅក្នុងរដ្ឋ ដែលពួកគេផ្តល់សេវាដល់ប្រជាជននោះទេ៕

