ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (១៤ កញ្ញា) នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រទេសរបស់ខ្លួនក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ដោយលោក គីម រំពឹងថា នឹងបន្តដំណើររបស់ខ្លួនជាមួយនឹងទស្សនកិច្ចទៅកាន់ទីតាំងផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់យោធាផងដែរ។

ទីភ្នាក់ងារសារព៍ត៌មាន KRT គ្រប់គ្រងដោយរដ្ឋបាននិយាយថា លោក ពូទីន បានទទួលយកការអញ្ជើញនេះ ដោយមិនបានបញ្ជាក់ថា ពេលណាដំណើរទស្សនកិច្ចនោះអាចនឹងកើតឡើងនោះទេ។
លោក គីម បានទៅដល់តំបន់ចុងបូព៌ារបស់រុស្សី កាលពីព្រឹកថ្ងៃអង្គារ (១២ កញ្ញា) តាមរថភ្លើងពិសេស ហើយបន្តទៅភាគខាងជើងរបស់រុស្ស៊ី សម្រាប់កិច្ចប្រជុំកំពូលជាមួយលោក ពូទីន នៅឯមូលដ្ឋានបាញ់បង្ហោះរ៉ូកែតអវកាសទំនើប កូស្មូដ្រូម របស់រុស្ស៊ី។
លោក គីម ត្រូវបានគេរាយការណ៍ដោយសង្ខេប អំពីព័ត៌មានលម្អិតទាក់ទងនឹងបច្ចេកទេសនៃយានអវកាសរបស់រុស្ស៊ី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ មូលដ្ឋាន កូស្មូដ្រូម ប៉ុន្តែមិនមានការលើកឡើងអំពីការផ្គត់ផ្គង់អាវុធ ការជួញដូរអាវុធ ឬជំនួយបច្ចេកទេសលើកម្មវិធីអាវុធនោះទេ៕
