ក្រុមកម្មករក្នុងប្រទេសឈីលី បានដើរដង្ហែតាមផ្លូវនៃរដ្ឋធានី Santiago កាលពីថ្ងៃពុធ (១៣ កញ្ញា) ដើម្បីតវ៉ាប្រឆាំងនឹងការបណ្តេញបុគ្គលិកសុខាភិបាលជិត៧.០០០នាក់ ដែលត្រូវបានជួលនៅអំឡុងពេលកម្រិតខ្ពស់នៃជំងឺរាតត្បាតកូវីដ និងការបរាជ័យរបស់ក្រសួងសុខាភិបាលប្រទេសនេះ ក្នុងការបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះវិស័យនេះ។

បុគ្គលិកពេទ្យរាប់សិបនាក់បានកាន់បដា និងគ្រវីទង់ជាតិ ហើយដើរដង្ហែនៅមុខវិមានប្រធានាធិបតី La Moneda ខណៈពួកគេបានចូលរួមក្នុងកូដកម្មរយៈពេល៤៨ម៉ោង ដែលរៀបចំដោយសហជីពសហព័ន្ធ Fenats ជាតិ ដែលរួមមានបុគ្គលិកសុខាភិបាលជាច្រើន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដោយដកស្រង់សម្តីរបស់ប្រធានសហជីព Fenats លោកស្រី Karen Palma បានឲ្យដឹងថា កូដកម្មនេះមានគោលបំណងបង្ខំឱ្យរដ្ឋាភិបាលទទួលខុសត្រូវ ចំពោះការប្តេជ្ញាចិត្តដែលបានធ្វើឡើងទាក់ទងនឹងអាជីពការងារ និងប្រាក់លើកទឹកចិត្តចូលនិវត្តន៍។
សហជីពនោះ ក៏ស្វះស្វែងឲ្យមានការកែប្រែការបញ្ឈប់បុគ្គលិកប្រហែល៦.៣០០នាក់ ដែលបានបាត់បង់ការងារដោយផ្នែកខ្លះនៃការរឹតត្បិតថវិកាផងដែរ៕
