ភ្នំពេញ៖ អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រ The Olympia Medical Hub ដែលជាការផ្តួចផ្តើមដោយមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Intercare Medical Center និងសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នាព្រឹកថ្ងៃទី២៣ តុលា ២០២០នេះ បានបើកយុទ្ធនាការបរិច្ចាកឈាម គឺសង្គ្រោះជីវិត។
លោកវេជ្ជបណ្ឌិត ហៃកូ (Haiko) ប្រធានផ្នែកវេជ្ជសាស្ត្រ Intercare Medical Center បានឲ្យដឹងថា អ្នកជំងឺអាចត្រូវការឈាមក្នុងករណីមួយចំនួនដូចជា នៅពេលមានការវះកាត់ដែលអ្នកជំងឺអាចមានការបាត់បង់ឈាមច្រើន ឬនៅពេលគាត់មានជំងឺស្លេកស្លាំងធ្ងន់ធ្ងរដោយសារជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ជាសំណាងមិនល្អ មជ្ឈមណ្ឌលផ្តល់ឈាមជាច្រើននៅជុំវិញពិភពលោក តែងតែមានបញ្ហាកង្វះខាតអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម ហើយកម្ពុជាក៏ជួបវិបតិ្តនេះដូចគ្នា។ មនុស្សជាច្រើនបានស្លាប់ដោយសារវិបតិ្តនេះ ខណៈពេលដែលមនុស្សជាច្រើនទៀតអាចបន្តជួយសង្គ្រោះបាន ប្រសិនបើមានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមច្រើនជាងនេះ។
បើតាមលោកស្រី អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឲ្យដឹងថា ៩ខែ ដើមឆ្នាំ២០២០ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលអំណោយឈាមពីសប្បុរសជន មានចំនួន៥៤០០០នាក់។ ក្នុងស្ថានភាពជំងឺកូវីដ១៩ ឆ្នាំ២០២០ បានកើតឡើង យើងមានអ្នកស្ម័គ្រចិត្តបរិច្ចាកឈាម ថយចុះ គឺមានចំនួនតែ ១៥% នៃអ្នកស្ម័គ្រចិត្ត ប៉ុន្តែ ការបរិច្ចាគឈាម តាមរយៈក្រុមគ្រួសារ មានចំនួន៨៥%។
លោកស្រី បានថ្លែងអំណរគុណអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រ The Olympia Medical Hub ដែលបានចូលរួមបរិច្ចាកឈាម ជាលើកដំបូងដោយស្ម័គ្រចិត្ត និងសង្ឃឹមថាតទៅមុខទៀត អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រ The Olympia Medical Hub និងបន្តយុទ្ធនាការបរិច្ចាកឈាម រៀងរាល់៣ ទៅ៦ខែម្តង សម្រាប់ទុកឈាមផ្តល់ជូនអ្នកជំងឺដែលត្រូវការឈាមទាំងអស់គ្នា៕អត្ថបទ៖ រដ្ឋា

