ប្រមុខទ័ពអាកាសអាមេរិកប្រចាំតំបន់អឺរ៉ុប និងអាហ្រ្វិក បាននិយាយកាលពីថ្ងៃពុធថា យោធាសហរដ្ឋអាមេរិក បានបន្តបេសកកម្មប្រឆាំងភេរវកម្ម នៅក្នុងប្រទេសនីហ្សេ ដោយហោះហើរយានដ្រូន និងយន្តហោះផ្សេងទៀតចេញពីមូលដ្ឋានទ័ពអាកាសក្នុងប្រទេសនេះ ជាងមួយខែ បន្ទាប់ពីរដ្ឋប្រហារ បានបញ្ឈប់សកម្មភាពទាំងអស់ នៅទីនោះ ជាបណ្តោះអាសន្ន។

ចាប់តាំងពីរដ្ឋប្រហារខែកក្កដាមក កងកម្លាំងសហរដ្ឋអាមេរិកចំនួន ១.១០០នាក់ ដែលដាក់ពង្រាយនៅក្នុងប្រទេសនេះ ត្រូវបានបង្ខាំងនៅខាងក្នុងមូលដ្ឋានយោធារបស់ពួកគេ។ កាលពីសប្តាហ៍មុន មន្ទីរបញ្ចកោណបាននិយាយថា បុគ្គលិកយោធាខ្លះ និងគ្រឿងយុទ្ធោបករណ៍មួយចំនួន ត្រូវបានផ្លាស់ប្តូរពីមូលដ្ឋានទ័ពអាកាសនៅជិតទីក្រុងនីញ៉ាម៉េ(Niamey) ដែលជារដ្ឋធានីនៃប្រទេសនីហ្សេទៅកាន់មូលដ្ឋានមួយផ្សេងទៀតនៅក្នុងទីក្រុងអាហ្គាដេស( Agadez)។ ទីក្រុងនីញ៉ាម៉េ មានចម្ងាយប្រហែល ៩២០ គីឡូម៉ែត្រពី ទីក្រុងអាហ្គាដេស។
ជាការឆ្លើយតបទៅនឹងសំណួរមួយរបស់សារព័ត៌មាន AP អំពីរបៀបដែលសហរដ្ឋអាមេរិក អាចបន្តបេសកកម្មប្រឆាំងភេរវកម្មដោយពុំមានជើងហោះហើរទាំងនោះ ឧត្តមសេនីយ៍ ចេមស៍ ហែកឃើ ( James Hecker) មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពអាកាសប្រចាំនៅទ្វីបអឺរ៉ុប និងអាហ្រ្វិក បាននិយាយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះនៃបេសកកម្មស៊ើបការណ៍និងឃ្លាំមើលទាំងនោះ អាចបន្តឡើងវិញបាន ដោយសារការចរចាររបស់សហរដ្ឋអាមេរិកជាមួយរបបយោធា។
