ជារឿងមិនគួរកើតមួយនៅក្នុងពិភពបាល់ទាត់ អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិចិនបានស្រែកបង្អាប់ក្រុមខ្លួនឯង ស្រែកទាលុយថ្លៃសំបុត្រដែលទិញចូលទស្សនាមកវិញ និងថែមទាំងទះដៃសាទរក្រុមស៊ីរីទៅវិញ ក្នុងការប្រកួតលក្ខណៈមិត្តភាពបរាជ័យក្រោមថ្វីជើងស៊ីរីក្នុងទឹកដីខ្លួនឯង។
ចិនគិតមកដល់ពេលនេះឈ្នះតែ ៤ ប្រកួតប៉ុណ្ណោះក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ ហើយឈ្នះសុទ្ធតែក្រុមដែលឈរក្រៅលេខរៀង Top90 នៃ FIFA World Ranking ទៅទៀត។
ចុងក្រោយបំផុត ចិនបានរងបរាជ័យក្រោមថ្វីជើងស៊ីរីដែលឈរលេខ ៩៤ ពិភពលោក ខណៈនៅខ្វះតែ ៤ ខែទៀតប៉ុណ្ណោះនឹងឈានដល់ការប្រកួតបាល់ទាត់ជើងឯកទ្វីបអាស៊ី និង ២ ខែទៀតឈានដល់ការប្រកួតជម្រុះ World Cup តំបន់អាស៊ី។

ចិនបច្ចុប្បន្នឈរលេខ ៨០ ពិភពលោក និងធ្លាប់បង្ហាញខ្លួននៅ World Cup ចុងក្រោយបំផុតនៅឆ្នាំ២០០២ ថ្វីបើចិនមានប្រជាជនច្រើនបំផុតទី ២ នៅលើលោក។
ប្រធានាធិបតីចិន Xi Jingping ធ្លាប់បាននិយាយថា លោកចង់ឱ្យចិនជាក្រុមបាល់ទាត់កំពូលមួយនៅលើលោក និងឈ្នះជើងឯកពិភពលោកមុនឆ្នាំ ២០៥០ តែនៅពេលនេះហាក់មិនអាចទៅរួចឡើយ។
ការប្រកួតមិត្តភាពទល់នឹងស៊ីរីកាលពីថ្ងៃអង្គារនៅទីក្រុងឆឹងទូ មានអ្នកគាំទ្រទស្សនាត្រឹម ១២៣៦៧ នាក់ប៉ុណ្ណោះ ក្នុងកីឡដ្ឋានដែលផ្ទុកមនុស្សបាន ៦០០០០ នាក់។

សារព័ត៌មានចិនមួយបានចុះផ្សាយថា អ្នកគាំទ្របានស្រែកបន្ទោសបង្អាប់កីឡាករខ្លួនឯង និងលើស្លាកទាលុយថ្លៃសំបុត្រមកវិញ ខណៈដែលមានវីដេអូបង្ហោះនៅលើបណ្តាញសង្គមឃើញថាអ្នកគាំទ្របែជានាំគ្នាទះដៃសាទរក្រុមស៊ីរីទៅវិញ។
គណនីផ្លូវការរបស់ក្រុមជម្រើសជាតិចិននៅលើនបណ្តាញសង្គមចិន Weibo ពេញដោយមតិរិះគន់ ខឹងសម្បារ៕ អត្ថបទ៖នាង សុភាវុធ
