ឆ្លងកាត់រយៈពេល ២៦ ឆ្នាំ បង្ហាញខ្លួនបាន ១៣៧ លើក កីឡាករបាល់ទាត់សញ្ជាតិអង់ដូរ៉ា Ildefons Lima បានចូលលេងការប្រកួតចុងក្រោយរបស់ខ្លួនមុនចូលនិវត្តន៍ និងក្លាយជាកីឡាករដែលលេងឱ្យក្រុមជម្រើសជាតិយូរបំផុត។
បុរសវ័យ ៤៣ ឆ្នាំរូបនេះបានបង្ហាញខ្លួនប្រកួតដំបូងឱ្យក្រុមជម្រើសជាតិអង់ដូរ៉ានៅវ័យ ១៧ ឆ្នាំក្នុងបរាជ័យ ៤-១ ទល់នឹងអេស្តូនីនៅឆ្នាំ ១៩៩៧ ដែលមួយគ្រាប់ក្នុងពេលចាញ់នោះ ជាគ្រាប់ទីពីរប៉ុណ្ណោះរបស់ក្រុមអង់ដូរ៉ានៅការប្រកួតអន្តរជាតិផ្លូវការ។

Lima តែងតែបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិគ្រប់ទសវត្សរិ៍ទាំងអស់តាំងពីឆ្នាំ ១៩៩៧ មករហូតមកដល់យប់ថ្ងៃអង្គារកន្លងទៅ ដែលជាប្រកួតចុងក្រោយបំផុតរបស់ខ្លួន ខណៈអង់ដូរ៉ាចាញ់ស្វ៊ីស ៣-០។
ក្រោយលេងបានត្រឹម ២៣ នាទី Lima ត្រូវបានផ្លាស់ប្តូរចេញ និងទទួលបានការទះដៃសាទរពីអ្នកគាំទ្រអង់ដូរ៉ា ព្រមទាំងអ្នកគាំទ្រស្វ៊ីសផងដែរ។
កាលពីឆ្នាំ ២០២១ សៀវភៅកំណត់ត្រាពិភពលោក Guinness World Records បានប្រកាសថា Lima ជាកីឡាករដែលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិយូរបំផុតលើលោក។
សម្រាប់ផ្នែកនារីវិញ អ្នកកាន់កំណត់ត្រានេះគឺអតីតខ្សែបម្រើប្រេស៊ីល Formiga វ័យ ៤៥ ឆ្នាំ ដោយបានលេងឱ្យក្រុមជម្រើសជាតិនារីប្រេស៊ីលរយៈពេល ២៦ ឆ្នាំដូចគ្នាពីឆ្នាំ ១៩៩៥ ដល់ ២០២១ បង្ហាញខ្លួនសរុបបាន ២៣៤ ប្រកួត។
Lima គឺជាប្រធានក្រុមអង់ដូរ៉ាជាងមួយទសវត្សរិ៍ទៅហើយ តំណាងឱ្យប្រជាជាតិអង់ដូរ៉ាដែលមានប្រជាជនត្រឹម ៧៩០០០ នាក់។
ក្នុងការប្រកួតតំណាងឱ្យក្រុមជម្រើសជាតិ Lima ចាញ់សរុបជាង ១០០ ប្រកួត ពោលគឺអង់ដូរ៉ាធ្លាប់ឈ្នះតែ ៧ ប្រកួតគត់ក្នុងប្រវត្តិសាស្រ្តពួកគេ ក្នុងនោះចុងក្រោយបំផុតឈ្នះលិកតិនស្តាញ ២-០ នៅពានរង្វាន់ UEFA Nations League នៅឆ្នាំ ២០២២។
ថ្វីបើជាខ្សែការពារកណ្តាល Lima គឺជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនបំផុតឱ្យក្រុមជម្រើសជាតិអង់ដូរ៉ាសរុប ១១ គ្រាប់៕ អត្ថបទ៖នាង សុភាវុធ
