ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានលើកឡើងថា រោងចក្រសហគ្រាសកាត់ដេរ ភាគច្រើន បានគោរព និងអនុវត្តវិធានសុខាភិបាល និងគោលការណ៍ណែនាំក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងរោចក្រ។ ប៉ុន្តែការអនុវត្តតាមវិធាន និងគោលការណ៍ណែនាំនេះ នៅមានកម្រិតនៅឡើយ ទៅតាមស្ថានភាព និងកត្តាផ្សេងៗ។
មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី កាលពីរសៀលថ្ងៃទី២៧ ឧសភា ឆ្នាំ២០២១ កន្លងទៅ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និយាយថា រោងចក្រទាំងអស់បានព្យាយាមសហការ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រាន់តែថា កម្រិតសហការ និងការគោរពនោះ មានកំរិតផ្សេងៗគ្នានិងអាស្រ័យទៅតាមកត្តាផ្សេងៗ។
លោក បន្តថា បញ្ហាប្រឈមធ្ងន់ធ្ងរ គឺវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ មានការជាប់ពាក់ព័ន្ធជាមួយកម្មករនិយោជិតរាប់សែននាក់ នេះជាបញ្ហាប្រឈមធំណាស់បន្ថែមទៅលើបញ្ហាផ្សេងៗទៀត។
រោងចក្រជាង២០០ បន្ទាប់ពីបានផ្អាក ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ដែលមានអត្រាឆ្លងជំងឺកូវីដ-១៩ កើនខ្ពស់ ត្រូវបានអនុញ្ញាតឱ្យបើកដំណើការឡើងវិញ ជាមួយការអនុវត្ត តាមគោលការណ៍ណែនាំដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩។
យោងតាមសេចក្តីណែនាំរបស់អន្តរក្រសួងកាលពីដើមខែឧសភា កន្លងទៅ គឺតម្រូវឲ្យរោងចក្រ សហគ្រាសទាំងអស់ប្រើប្រាស់កម្លាំងពលតែ ៥០ភាគរយ នៃចំនួនសរុបប៉ុណ្ណោះ ដោយធ្វើការឆ្លាស់វេន ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះ។
ប៉ុន្តែ អាជ្ញាធររាជធានីភ្នំពេញ កាលពីកន្លងទៅថ្មីៗនេះបានលើកឡើងថា រោងចក្រដែលបើកអាជីវកម្មឡើងវិញបានអនុញ្ញាតឲ្យកម្មករនិយោជិតចូលធ្វើការរហូតដល់១០០ភាគរយ ដែលបញ្ហានេះធ្វើឲ្យមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលឡើងវិញ ដែលបញ្ហានេះបង្ករផលប៉ះពាល់ និងស្មុគស្មាញរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយ។
កម្មករ កម្មការិនី នៃរោងចក្រកាត់ដេរសំលៀកបំពាក់ អេសអិលជេ (SLJ) បាននិយាយថា ពួកគាត់បានព្យាយាមជាខ្លាំង ក្នុងការអនុវត្តនិងគោរពតាមការណែនាំវិធានការសុខាភិបាល។ ទើបតែបានត្រឡប់ចូលធ្វើការងារមិនទាន់បាន១ខែផង រោងចក្របានបិទទ្វារបណ្ដោះអាសន្នលើកទី២ ដោយសាររាលដាលនៃជំងឺឆ្លងកូវីដ-១៩ ធ្វើឲ្យមានការព្រួយបារម្ភពីការប៉ះពាល់ដល់ដំណើការរោងចក្រ និងជីវភាពរបស់កម្មករ។
ជាការកត់សម្គាល់ ក្នុងរយៈពេលថ្មីៗនេះ អាជ្ញាធរខណ្ឌមានជ័យ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចផ្អាកដំណើរការរោងចក្រចំនួន៤ ក្នុងខណ្ឌមានជ័យ ជាបណ្តោះអាសន្ន និងខណ្ឌពោធិ៍សែនជ័យ ដោយសាររកឃើញមានអ្នកឆ្លងវីរុសកូវីដ-១៩ ជាកម្មករបម្រើការងារនៅក្នុងរោងចក្រ៕
អត្ថបទ ៖ ឈិត បូរ៉ាវី