មន្ទីរពេទ្យមួយកន្លែង នៅជើងភ្នំ Atlas ក្នុងប្រទេសម៉ារ៉ុក បាននិងកំពុងផ្តល់សេវាវេជ្ជសាស្រ្ត និងការផ្គត់ផ្គង់ ដល់អ្នកស្រុកដែលរងផលប៉ះពាល់ដោយរញ្ជួយដីនៅក្បែរនោះ។

គ្រោះរញ្ជួយដីកម្រិត៧,០រ៉ិចទ័រ ដែលជាគ្រោះមហន្តរាយធម្មជាតិមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងប្រទេសម៉ារ៉ុក ក្នុងរយៈពេលជាង៦ទសវត្សរ៍មក បានវាយប្រហារនៅជិតទីក្រុងប្រវត្តិសាស្ត្រ Marrakesh កាលពីថ្ងៃសុក្រ (៨ កញ្ញា)។
មន្ទីរពេទ្យនេះត្រូវបានសាងសង់ដោយកងកម្លាំងប្រដាប់អាវុធម៉ារ៉ុក បន្ទាប់ពីមានការរញ្ជួយដ៏ខ្លាំងក្លា ដោយស្ថិតនៅចម្ងាយប្រហែល៤០គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Marrakesh។ ទិន្នន័យដែលបានចេញផ្សាយដោយក្រុមអាជ្ញាធរបង្ហាញថា ជំរំតង់របស់មន្ទីរពេទ្យវាលមួយនេះ បានទទួលអ្នករបួសប្រហែល៦០០នាក់ កាលពីថ្ងៃចន្ទ។
ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅក្នុងប្រទេសនេះ បានកើនឡើងដល់២.៩៤៦នាក់ ហើយជាមួយនឹងចំនួនអ្នករងរបួសដែលបានចុះឈ្មោះមានចំនួន៥.៦៧៤នាក់។
កងកម្លាំងជួយសង្គ្រោះក្នុងស្រុក និងអន្តរជាតិ នៅតែបន្តប្រតិបត្តិការយ៉ាងសស្រាក់សស្រាំ ដើម្បីស្វែងរកអ្នកដែលនៅរស់រានមានជីវិតបន្ថែមទៀតផងដែរ៕
