អាមេរិក ៖ កាលពីថ្ងៃអង្គារ (១២ កញ្ញា) នៅពេលត្រូវបានសាកសួរអំពីគណបក្សសាធារណរដ្ឋ ដែលបានបើកការស៊ើបអង្កេតលើការចោទប្រកាន់ដើម្បីទម្លាក់តំណែងប្រធានាធិបតីអាមេរិក របស់លោក ចូ បៃដិន នៅក្នុងសភា សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យនៅរដ្ឋ Pennsylvania លោក John Fetterman បានគ្រវីក្បាលរបស់ខ្លួន ដោយធ្វើជាបង្ហាញភាពភ័យខ្លាច ហើយនិយាយបែបចំអកថា «អូព្រះអើយ មិនពិតទេ កុំធ្វើបែបនោះអី» រួចហើយក៏បានសើចចំពោះសំណួរនោះ។
គណបក្សប្រជាធិបតេយ្យ បានសើចចំអកការសម្រេចរបស់ប្រធានសភាតំណាងរាស្រ្តគណបក្សសាធារណរដ្ឋ លោក Kevin McCarthy ក្នុងការបើកការស៊ើបអង្កេត ដោយហៅការសម្រេចនោះថា «មិនសមហេតុផល» «ជារឿងកំប្លែង» និងជា «លេសថ្មីដើម្បីរំខានសាធារណជនពីការពិតដែលថា គណបក្សសាធារណរដ្ឋ មិនអាចសូម្បីតែទទួលបានការគាំទ្រលើសំណើរច្បាប់ដើម្បីផ្តល់មូលនិធិដល់រដ្ឋាភិបាល»។
ទោះជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតនោះ អាចបង្ហាញស្រមោលវែងឆ្ងាយជុំវិញយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤ របស់លោក បៃដិន ក្នុងការស្វែងរកអណត្តិបន្ទាប់នៅក្នុងការបោះឆ្នោតនោះ។
ទោះបីជាការស៊ើបអង្កេតមិនបង្ហាញភស្តុតាងជាក់ស្តែងនៃការប្រព្រឹត្តខុសរបស់លោក បៃដិន ក៏ដោយ ក៏ដំណើរការនោះអាចទាក់ទាញចំណាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសនៅក្នុងបណ្តាញព័ត៌មានក្រុមអភិរក្សនិយម ហើយក៏អាចទាញចំណាប់អារម្មណ៍របស់សាធារណៈជន ចេញពីគោលការណ៍យុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤ របស់លោក បៃដិន ស្តីពីសេដ្ឋកិច្ច និងបញ្ហាផ្សេងៗទៀតផងដែរ៕

