កំពត ៖ ព្រែកកំពត ឬព្រែកកំពង់បាយ ជាកំណប់ទ្រព្យ និងជាបេះដូងរបស់ក្រុងកំពត។ ក្រៅពីបម្រើជាប្រពន្ធផ្លូវទឹក តភ្ជាប់ទៅកាន់សមុទ្រ ព្រែកកំពត បានក្លាយជាកន្លែងជិះទូកទេសចរណ៍កម្សាន្តដ៏ទាក់ទាញ នាពេលល្ងាច និងពេលយប់។ ពិសេសជាងនេះទៅទៀត បច្ចុប្បន្នតំបន់ទាំងសងខាងមាត់ព្រែកកំពត បានក្លាយទៅជារមណីយដ្ឋាន បឹងហ្គាឡូ រីស៊ត រចនាតាមបែបបរទេស និងបែបខ្មែរបុរាណគួរឲ្យចង់សម្រាកកម្សាន្ត។
នាពេលបច្ចុប្បន្ន កូវីដ-១៩ បានធ្វើឲ្យខេត្តកំពត មិនសូវសំបូរភ្ញៀវមកកម្សាន្តច្រើនទេ ក៏ប៉ុន្តែគេសង្កេតឃើញថា សកម្មភាពនៃការរៀបចំទីកន្លែងសម្រាកលំហែនៅតែបន្តជាហូរហែ ទាំងការរចនាកែលម្អពង្រីកបន្ថែម និងការសាងសង់បង្កើតថ្មី ពិសេសនៅតំបន់សងខាង ជាប់មាត់ព្រែកកំពតតែម្តង។
បើគេធ្វើដំណើរពីផ្សារកំពតឆ្លងស្ពានថ្មីទៅត្រើយខាងលិច ហើយដល់រង្វង់មូលទឹករលកបត់ស្តាំទៅរហូតដល់រមណីយដ្ឋានទឹកឈូ គេនឹងឃើញកន្លែងសម្រាកលំហែ រមណីយដ្ឋាន អមតាមផ្លូវជាប់ជាប់មាត់ព្រែក ដែលទើបបង្កើតថ្មី និងកំពង់កែលំអពង្រីកបន្ថែម មិនតិចជាង២០កន្លែងនោះទេ ហើយការបង្កើតឡើងសម្រាប់ភ្ញៀវក្នុងស្រុកផង និងបរទេសផង ។ កន្លែងទាំងនោះ មានផ្តល់សេវាទេសចរណ៍ជាច្រើន ទាំងអាហារដ្ឋាន បារ ការលេងកីឡាលើទឹកព្រែក ដូចជា ជិះកាយយ៉ាក់ ម៉ូតូទឹក ទាទឹក និងជិះទូកកម្សាន្តខ្នាតតូចលក្ខណៈគ្រួសារជាដើម។
ប៉ុន្តែបើគេធ្វើដំណើរពីផ្សារកំពត ដល់គុលស្ពានថ្មី ហើយបត់ស្តាំទៅរហូតដល់ស្ពានចិនវិញ គេនឹងឃើញតំបន់រមណីយដ្ឋាន កន្លែងសម្រាកលម្ហែ អាហារដ្ឋាន ផ្សារាត្រី រីស៊ត បឹងហ្គាឡូដ៏ស្រស់ស្អាតជាច្រើន នៅលាក់ខ្លួនក្នុងព្រៃចាក និងចំការដំណាំហូរផ្លែរបស់ប្រជាពលរដ្ឋជាប់នឹងមាត់ព្រែក មិនចាញ់ត្រើយខាងលិចទេ បើទោះជាផ្លូវធ្វើមិនទាន់ល្អ។
ដោយឡែក កាន់តែពិសេសជាងនោះទៅទៀត តំបន់មាត់ព្រែកកំពុងអភិវឌ្ឍន៍ថ្មី គឺទេសចរអាចធ្វើដំណើរពីចំណុចសាលាខេត្តកំពត ទៅភាគខាងកើតរហូតដល់កំពង់ផែទេសចរណ៍អន្តរជាតិ ឬ អ្នកស្រុកនិយមហៅថា (កោះស្មៅ) ក៏មានកន្លែងសម្រាកលម្ហែមិនតិចជាង១៥កន្លែងដែរ ដែលបច្ចុប្បន្នបាននឹងកំពុងបើកទ្វាររង់ចាំទទួលភ្ញៀវទេសចរមកកម្សាន្ត។ ហើយទីនោះមានផ្តល់សេវាកម្សាន្តច្រើន ដូចជាស្ទូចត្រី ជិះទូកកម្សាន្ត ទស្សនាព្រែកកោងកាង ជិះកង់កម្សាន្តតាមវាលស្រែអំបិលដែលនៅជាប់នោះជាដើម និងមានទេសភាពស្អាតពេលថ្ងៃរះ និងពេលថ្ងៃលិចសមបំផុតសម្រាប់ថតរូបអនុស្សាវរីយ ។
ដោយការត្រៀមលក្ខណៈទាំងអស់នេះហើយ ទើបរដ្ឋបាលខេត្តក៏ដូចមន្ត្រីជំនាញរំពឹងថា ក្រោយកម្ពុជាអាចទប់ស្កាត់ និងលប់បំបាត់ជំងឺកូវីដ-១៩ បានហើយនោះ ភ្ញៀវទេសចរណ៍នឹងមកកម្សាន្តខេត្តកំពត មិនតិចជាង២លាននាក់ទេ ក្នុងមួយឆ្នាំ ៕
អត្ថបទ ៖ សារឹម