រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់បង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនទាំងមូលជាឯកច្ឆន្ទ។
សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរាជរដ្ឋាភិបាលបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុងគោលបំណងបង្កើតឱ្យមានស្ថាប័នថ្មីមួយដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថកិច្ចពេញលេញ ព្រមទាំងអាចស្រូបទាញបន្ថែមនូវធនធានមនុស្សដែលមានសមត្ថភាព ជំនាញពិតប្រាកដ ទាំងផ្នែកបច្ចេកទេស ផ្នែកច្បាប់ជាតិ-ច្បាប់អន្តរជាតិ និងផ្នែកជំនាញពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការបន្តបេសកកម្មដ៏ពិសិដ្ឋ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ការពង្រឹងកិច្ចការពារអធិបតេយ្យនិងបូរណភាពទឹកដី និងការលើកស្ទួយការថែរក្សាសមិទ្ធផលព្រំដែនជាប្រវត្តិសាស្ត្រ ទុកជាមរតកដ៏ឧត្តុង្គឧត្តមជូនកូនខ្មែរគ្រប់ជំនាន់។ សេចក្តីព្រាងច្បាប់នេះមានចំនួន៨មាត្រា។ បន្ទាប់ពីបានពិភាក្សា អនុម័តមួយមាត្រាម្តងៗ អង្គប្រជុំរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់នេះទំាងមូល ជាឯកច្ឆន្ទ។
ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានជម្រាបជូនអង្គប្រជុំសភាថា កិច្ចការព្រំដែនជាកិច្ចការអាទិភាពមួយដ៏មានសារៈសំខាន់បំផុត ជាអាយុជីវិតរបស់ជាតិ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ជាអាទិភាពខ្ពស់បំផុត ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងនយោបាយ សំដៅធានារក្សាការពារមិនឱ្យមានការរំលោភបាន ជាដាច់ខាត នូវអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជា។
ឯកឧត្តម ឡាំ ជា បន្តថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ របស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការចរចាយ៉ាងស្វិតស្វាញប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដោយប្រកាន់ខ្ជាប់ឥតងាករេ នូវឧត្តមគតិស្នេហាជាតិដ៏ស្មោះត្រង់បំផុត ក្នុងកិច្ចការពារថែរក្សាឱ្យបានជាដាច់ខាតនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី ដែលរហូតមកដល់ពេលបច្ចុប្បន្ន សម្រេចបាននូវសមិទ្ធផលជាតិ ជាប្រវត្តិសាស្ត្រទាក់ទងនឹងព្រំដែនគោកនៃកម្ពុជា ជាមួយប្រទេសជិតខាង ដែលមាន ជាអាទិ៍៖ ទី១ បានធ្វើការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម បានចំនួន ៨៤%។ ទី២ បានធ្វើការត្រួតពិនិត្យខ្សែបន្ទាត់ព្រំដែនគោកកម្ពុជា-ឡាវ បានចំនួន ៨៦% និង ទី៣ បានរកឃើញបង្គោលព្រំដែនគោកកម្ពុជា-ថៃ ចំនួន ៧៣ ទីតាំង ស្មើនឹង៧៤ បង្គោល ដែលក្នុងនោះ បានឯកភាពគ្នាចំនួន ៤២ ទីតាំង ស្មើនឹង ៤២ បង្គោល និងពុំទាន់បានឯកភាពគ្នាចំនួន ៣១ ទីតាំង ស្មើនឹង ៣២ បង្គោល៕ អត្ថបទ៖ វ៉ន ដារ៉ា
